ជនជាតិហ្គាហ្សា ២នាក់ស្លាប់ដោយសារការបាញ់ប្រហាររបស់អ៊ីស្រាអែល ខណៈដែលចំនួនអ្នកស្លាប់កើនដល់ ៧២.៥០០នាក់
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ -- ប្រជាជនប៉ាឡេស្ទីនចំនួនពីរនាក់ត្រូវបានសម្លាប់ដោយការបាញ់ប្រហាររបស់កងទ័ពអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមរបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ឡើងដល់៧២.៥៥៣នាក់។ នេះបើយោងតាមក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃចន្ទ។
នៅក្នុងរបាយការណ៍ប្រចាំថ្ងៃរបស់ខ្លួន ក្រសួងបាននិយាយថាមន្ទីរពេទ្យបានទទួលសាកសពចំនួនពីរនាក់ និងរបួស ២២នាក់ក្នុងរយៈពេលមួយថ្ងៃកន្លងមក។
ក្រសួងមិនបានបញ្ជាក់ពីលម្អិតពីការស្លាប់នោះទេ ប៉ុន្តែបាននិយាយថាកងកម្លាំងអ៊ីស្រាអែលនៅតែបន្តរំលោភលើបទឈប់បាញ់ដែលមានតាំងពីខែតុលា ឆ្នាំ២០២៥ តាមរយៈការបាញ់ផ្លោង និងការបាញ់កាំភ្លើង ដែលបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស។
ក្រសួងបានពន្យល់ថា ប្រជាជនប៉ាឡេស្ទីនចំនួន ៧៧៧នាក់ត្រូវបានសម្លាប់ និង ២.១៩៣នាក់រងរបួសចាប់តាំងពីបទឈប់បាញ់បានចាប់ផ្តើម។
យោងតាមក្រសួង បានឱ្យដឹងថា ចំនួនសរុបនៃអ្នករងរបួសចាប់តាំងពីខែតុលា ឆ្នាំ២០២៣ បានឈានដល់ ១៧២.២៩៦នាក់។
បទឈប់បាញ់នេះបានធ្វើឡើងបន្ទាប់ពីសង្គ្រាមប្រល័យពូជសាសន៍រយៈពេលពីរឆ្នាំដែលបានចាប់ផ្តើមនៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដែលបណ្តាលឱ្យមានការបំផ្លិចបំផ្លាញយ៉ាងទូលំទូលាយ ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់តំបន់ហ្គាហ្សាប្រហែល ៩០% ដោយការចំណាយទៅលើការកសាងឡើងវិញត្រូវបានប៉ាន់ប្រមាណដោយអង្គការសហប្រជាជាតិថាមានប្រហែល ៧០ប៊ីលានដុល្លារអាម៉េរិក៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





