ប្រធានាធិបតីហ្វីលីពីនផ្អាកការដំឡើងថ្លៃដឹកជញ្ជូន ដោយសារតម្លៃប្រេងឥន្ធនៈកើនឡើងខ្លាំង
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ -- ប្រធានាធិបតីហ្វីលីពីន លោកហ្វឺឌីនែនដ៍ ម៉ាកូស ជេអ. (Ferdinand Marcos Jr.) កាលពីពេលថ្មីៗនេះបានបញ្ជាឱ្យផ្អាកការដំឡើងថ្លៃសេវាដឹកជញ្ជូនសាធារណៈដែលបានគ្រោងទុក ដោយលើកឡើងពីសម្ពាធកាន់តែខ្លាំងឡើងលើប្រជាពលរដ្ឋពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈដែលជាប់ទាក់ទងនឹងភាពតានតឹងនៅមជ្ឈិមបូព៌ា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៨ ខែមីនា លោកបាននិយាយថា «វាមិនមែនជាពេលវេលាត្រឹមត្រូវទេ» ក្នុងការដំឡើងថ្លៃសេវានោះ ដោយសារប្រជាជនហ្វីលីពីនជាច្រើនកំពុងតស៊ូជាមួយនឹងការចំណាយទៅលើការរស់នៅកាន់តែខ្ពស់រួចទៅហើយ។ លោកបានណែនាំដល់ក្រសួងដឹកជញ្ជូនឱ្យពន្យារពេលការកែតម្រូវថ្លៃសេវា និងដាក់ចេញវិធានការគាំទ្រដើម្បីបន្ធូរបន្ថយបន្ទុកលើអ្នកធ្វើដំណើរ។
នៅពេលមុននេះ ក្រុមប្រឹក្សាភិបាលសិទ្ធិផ្តាច់មុខ និងបទប្បញ្ញត្តិដឹកជញ្ជូនតាមផ្លូវគោកបានអនុម័តការដំឡើងថ្លៃសេវាសម្រាប់មធ្យោបាយដឹកជញ្ជូនសាធារណៈ រួមទាំងរថយន្ត Jeepney ដែលជាទម្រង់នៃការដឹកជញ្ជូនដែលប្រើប្រាស់យ៉ាងទូលំទូលាយនៅទូទាំងប្រទេស ជាមួយនឹងការកើនឡើងជាមធ្យមប្រហែល ៨% និងគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ។
ប្រទេសហ្វីលីពីន ដែលនាំចូលប្រេងឆៅស្ទើរតែទាំងអស់របស់ខ្លួនពីមជ្ឈិមបូព៌ា ហើយបាននិងកំពុងតស៊ូជាមួយនឹងការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ ចំពេលដែលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើង។
ប្រទេសនេះបានអនុវត្តវិធានការមួយសប្តាហ៍ធ្វើការបួនថ្ងៃសម្រាប់មន្ត្រីរាជការ និងបានផ្តល់ប្រាក់ឧបត្ថម្ភជាសាច់ប្រាក់សម្រាប់អ្នកបើកបរកង់បី។ទន្ទឹមនឹងនេះ រោងចក្រចម្រាញ់ប្រេងតែមួយគត់របស់ខ្លួន បាននិងកំពុងចរចាទិញប្រេងពីប្រទេសរុស្ស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





