អាកាសយានដ្ឋានឆាងគីរបស់សិង្ហបុរី រក្សាបានតំណែងជាអាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោក
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ -- អាកាសយានដ្ឋានឆាងគីរបស់ប្រទេសសិង្ហបុរី ត្រូវបានដាក់ឈ្មោះថាជាអាកាសយានដ្ឋានល្អបំផុតប្រចាំឆ្នាំ២០២៦ នៅក្នុងពិធីប្រគល់ពានរង្វាន់អាកាសយានដ្ឋានពិភពលោកឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងនៅ PTE World ក្នុងទីក្រុងឡុងដ៍ កាលពីពេលថ្មីៗនេះដោយក្រុមហ៊ុនស្រាវជ្រាវ Skytrax ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។
នេះជាលើកទីពីរជាប់គ្នា និងជាលើកទី១៤ រហូតមកដល់ពេលនេះដែលអាកាសយានដ្ឋានសិង្ហបុរីបានឈ្នះពានរង្វាន់នេះ ដែលជាកំណត់ត្រាមួយក្នុងប្រវត្តិសាស្ត្រនៃពានរង្វាន់ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០០០។
អាកាសយានដ្ឋាននេះក៏ត្រូវបានគេដាក់ឈ្មោះថាជាអាកាសយានដ្ឋានល្អបំផុតនៅអាស៊ី អាកាសយានដ្ឋានល្អបំផុតនៅលើពិភពលោកសម្រាប់សេវាកម្មទទួលទានអាហារ និងអន្តោប្រវេសន៍ និងជាអាកាសយានដ្ឋានល្អបំផុតដែលបម្រើអ្នកដំណើរពី ៦០លានទៅ ៧០លាននាក់ផងដែរ។ នៅឆ្នាំ២០២៥ អាកាសយានដ្ឋានឆាងគីបានទទួលអ្នកដំណើរចំនួន ៦៩,៩៨លាននាក់។
ទន្ទឹមនឹងនេះ អាកាសយានដ្ឋានក្រោនផ្លាហ្សាឆាងគី ទទួលបានពានរង្វាន់សណ្ឋាគារអាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោក និងសណ្ឋាគារអាកាសយានដ្ឋានល្អបំផុតនៅអាស៊ី។ នេះជាឆ្នាំទី១១ ជាប់ៗគ្នាហើយដែលសណ្ឋាគារនៅស្ថានីយលេខ៣ នៃអាកាសយានដ្ឋានឆាងគីបានឈ្នះពានរង្វាន់នេះ។
ពានរង្វាន់ទាំងនេះត្រូវបានផ្តល់ជូនដោយផ្អែកលើការស្ទង់មតិជាសកល ដែលធ្វើឡើងដោយក្រុមហ៊ុនស្រាវជ្រាវ Skytrax ទៅលើអតិថិជនអាកាសយានដ្ឋានជាង ១០០សញ្ជាតិក្នុងរវាងខែសីហា ឆ្នាំ២០២៥ និងខែកុម្ភៈ ឆ្នាំ២០២៦។
នៅក្នុងឆ្នាំនេះ អាកាសយានដ្ឋានអន្តរជាតិអ៊ីនឈុនរបស់សាធារណរដ្ឋកូរ៉េបានជាប់ចំណាត់ថ្នាក់លេខពីរសម្រាប់តំណែងអាកាសយានដ្ឋានល្អបំផុតរបស់ពិភពលោក បន្ទាប់មកគឺអាកាសយានដ្ឋានហាណេដាតូក្យូរបស់ប្រទេសជប៉ុន (ជាប់លេខបី) អាកាសយានដ្ឋានអន្តរជាតិហុងកុង (ជាប់លេខបួន) និងអាកាសយានដ្ឋានអន្តរជាតិណារីតារបស់ប្រទេសជប៉ុន (ជាប់លេខប្រាំ)៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





