ប្រជាជនអេត្យូពីជាង ៤៦លាននាក់ចុះឈ្មោះសម្រាប់ការបោះឆ្នោតសកលនាពេលខាងមុខ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ -- ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោតអេត្យូពី (NEBE) បានបង្ហាញថា មានអ្នកបោះឆ្នោតជាង៤៦លាននាក់ក្នុងចំណោមប្រជាជនប្រហែល ១៣០លាននាក់ បានចុះឈ្មោះដើម្បីចូលរួមក្នុងការបោះឆ្នោតទូទៅរបស់ប្រទេសអេត្យូពីដែលគ្រោងធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយដោយក្រុមប្រឹក្សាជាតិ NEBE បាននិយាយថា ក្នុងចំណោមអ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ៤៦,៧លាននាក់សម្រាប់ការបោះឆ្នោតទូទៅលើកទី៧ របស់ប្រទេសនេះ មានបុរសប្រហែល ២៥,២លាននាក់ និងស្ត្រី ២១,៥លាននាក់ ដោយសេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកបោះឆ្នោតដែលបានចុះឈ្មោះជាង ១៦៥.០០០នាក់គឺជាជនពិការ។
ស្ថាប័នបោះឆ្នោតបាននិយាយថា ការចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានធ្វើឡើងនៅការិយាល័យបោះឆ្នោតចំនួន ៤៦.៧៥០កន្លែងទូទាំងប្រទេសដោយមានការចែកចាយសម្ភារៈបោះឆ្នោតភាគច្រើនបានបញ្ចប់ដើម្បីជួយធានាដំណើរការឱ្យរលូន។
ដំបូងឡើយ ការចុះឈ្មោះបោះឆ្នោតគ្រោងនឹងបិទនៅដើមខែមេសាដោយរយៈពេលចុះឈ្មោះអ្នកបោះឆ្នោតត្រូវបានពង្រីកដល់ថ្ងៃទី២២ខែមេសា ខណៈដែលការរៀបចំសម្រាប់ការបោះឆ្នោតនៅតែបន្ត។
កាលពីដើមឆ្នាំនេះ ក្រុមប្រឹក្សាជាតិ NEBE ក៏បានណែនាំវេទិកាឌីជីថលដំបូងរបស់ប្រទេសអាហ្វ្រិកខាងកើតសម្រាប់ការចុះឈ្មោះអ្នកបោះឆ្នោត និងបេក្ខជន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងកាន់តែទូលំទូលាយ ដើម្បីធ្វើទំនើបកម្មប្រព័ន្ធបោះឆ្នោតតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





