អ៊ូសបេគីស្ថាន និងរវ៉ាន់ដា បង្កើតទំនាក់ទំនងការទូត
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ -- យោងតាមលោក បាកទីយ័រ សៃដូវ (Bakhtiyor Saidov) រដ្ឋមន្ត្រីការបរទេសអ៊ូសបេគីស្ថាន បានឱ្យដឹងថា ប្រទេសអ៊ូសបេគីស្ថាន និងប្រទេសរវ៉ាន់ដា បានបង្កើតទំនាក់ទំនងការទូតជាផ្លូវការ។
លោក សៃដូវ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា សេចក្តីថ្លែងការណ៍រួមមួយស្តីពីការបង្កើតទំនាក់ទំនងការទូតត្រូវបានចុះហត្ថលេខាដោយលោក សៃដូវ និងលោក អូលីវឺ ឌូហ៊ុនជីរ៉េ (Olivier Nduhungirehe)រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិរវ៉ាន់ដានៅខាងក្រៅវេទិកាការទូត Antalya លើកទី៥ ក្នុងប្រទេសតួកគី។
រដ្ឋមន្ត្រីទាំងពីរក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្កើតយន្តការសម្រាប់ការពិគ្រោះយោបល់នយោបាយ ដែលផ្តល់នូវក្របខ័ណ្ឌច្បាប់សម្រាប់ការសន្ទនាជាប្រចាំលើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ។
លោក សៃដូវ បានកត់សម្គាល់ថា ការបង្កើតទំនាក់ទំនងជាមួយប្រទេសរវ៉ាន់ដាគឺជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្ររបស់ប្រទេសអ៊ូសបេគីស្ថាន ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយទ្វីបអាហ្វ្រិក។ ប្រទេសរវ៉ាន់ដាបានក្លាយជាប្រទេសទី១៦៧ ដែលបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយអ៊ូសបេគីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





