សិង្ហបុរីដាក់ឱ្យដំណើរការមជ្ឈមណ្ឌលផ្ទេរទំនិញដោយស្វ័យប្រវត្តិទ្រង់ទ្រាយធំ
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ -- មជ្ឈមណ្ឌលចែកចាយស្វ័យប្រវត្តិកម្មក្នុងតំបន់ និងសកលលោក World Gateway II ត្រូវបានសម្ពោធជាផ្លូវការនៅក្នុងប្រទេសសិង្ហបុរី ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់ជាសកលដែលកំពុងមានការកើនឡើង និងការរីកចម្រើនយ៉ាងឆាប់រហ័សនៃពាណិជ្ជកម្មអេឡិចត្រូនិក។
មជ្ឈមណ្ឌលនេះ គឺជាមជ្ឈមណ្ឌលទីពីរដែលដំណើរការដោយក្រុមហ៊ុនដឹកជញ្ជូនយក្ស Maersk ដែលមើលឃើញថា អាស៊ីជាមជ្ឈមណ្ឌលកណ្តាលនៃពាណិជ្ជកម្មសកលលោកកាន់តែខ្លាំងឡើង។
ថ្លែងនៅក្នុងពិធីសម្ពោធមជ្ឈមណ្ឌលនេះកាលពីពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីលោក ហ្កាន់ គីម យ៉ុង (Gan Kim Yong) បានកត់សម្គាល់ថា ការពង្រីកប្រតិបត្តិការដឹកជញ្ជូនរបស់ក្រុមហ៊ុន Maersk នៅក្នុងប្រទេសសិង្ហបុរីបានពង្រឹងតួនាទីរបស់សិង្ហបុរីជាមជ្ឈមណ្ឌលដឹកជញ្ជូនអន្តរម៉ូឌុល។
លោកបានកត់សម្គាល់ថា មជ្ឈមណ្ឌលនេះអនុញ្ញាតឱ្យទំនិញដែលមានតម្លៃខ្ពស់មកដល់ប្រទេសសិង្ហបុរី និងចែកចាយប្រកបដោយប្រសិទ្ធភាពនៅទូទាំងទ្វីបអាស៊ី និងតាមរយៈសមុទ្រ អាកាស ឬដីគោក។
ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន The Straits Timesបានឱ្យដឹងថា មជ្ឈមណ្ឌល World Gateway II ដែលជាមជ្ឈមណ្ឌលចែកចាយស្វ័យប្រវត្តិកម្មតម្លៃ ២០០លានដុល្លារសិង្ហបុរី (១៥៥លានដុល្លារអាម៉េរិក) ដែលបង្កើនសមត្ថភាពដឹកជញ្ជូនរបស់ក្រុមហ៊ុន Maersk នៅក្នុងប្រទេសសិង្ហបុរីទ្វេដងដល់ទំហំ ២,២លានហ្វីតក្រឡា និងបង្កើតការងារចំនួន៥០០កន្លែង។
វាត្រូវបានរចនាឡើងដើម្បីជួយដល់ក្រុមហ៊ុននានាក្នុងការរក្សាទុក និងដឹកជញ្ជូនទំនិញទៅកាន់តំបន់ពីប្រទេសសិង្ហបុរី ដោយនឹងគាំទ្រទាំងការដឹកជញ្ជូនច្រើនទៅកាន់ក្រុមហ៊ុនអាជីវកម្ម និងការបញ្ជាទិញតាមអ៊ីនធឺណិតដល់អតិថិជន។
ក្រុមហ៊ុន Maersk បានដំណើរការមជ្ឈមណ្ឌលចែកចាយក្នុងតំបន់តែមួយ គឺមជ្ឈមណ្ឌល World Gateway I ដែលមានទំហំមួយលានហ្វីតក្រឡានៅតំបន់ជូរ៉ុងខាងលិច ចាប់តាំងពីឆ្នាំ២០១៦។ ប្រទេសសិង្ហបុរី គឺជាមូលដ្ឋានធំទីពីររបស់ក្រុមហ៊ុន Maersk នៅទូទាំងពិភពលោកនៅខាងក្រៅទីក្រុង Copenhagen ដែលមានបុគ្គលិកជាង ១.៥០០នាក់ និងនាវាជាង១៤០គ្រឿងក្រោមការចុះបញ្ជីនាវាសិង្ហបុរី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





