ហ្វីលីពីន និងសហភាពអឺរ៉ុប មានគោលបំណងបញ្ចប់កិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី
AKP ភ្នំពេញ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ -- លោកស្រី ម៉ា. ថេរ៉េសា ឡាហ្សារ៉ូ (Ma. Theresa Lazaro) រដ្ឋមន្ត្រីការបរទេសហ្វីលីពីន បាននិយាយកាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ថា ប្រទេសហ្វីលីពីន និងសហភាពអឺរ៉ុប(EU) មានគោលបំណងបញ្ចប់កិច្ចចរចា ស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA) នៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៦ នេះ។
ដូចដែលត្រូវបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានហ្វីលីពីននៅក្នុងវេទិកាសហព័ន្ធឧស្សាហកម្មហ្វីលីពីន (FPI) ក្នុងទីក្រុង Taguig លោកស្រី ឡាហ្សារ៉ូ បាននិយាយថា ភាគីទាំងពីរសង្ឃឹមថាអាចនឹងបញ្ចប់កិច្ចចរចានៅដើមឆមាសទីពីរនៃឆ្នាំនេះ។
លោកស្រីបាននិយាយដូចដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាននោះថា «យើងកំពុងសម្លឹងមើលបន្ថែមទៀតដើម្បីពង្រីកមូលដ្ឋានសេដ្ឋកិច្ចរបស់យើង និងធានាថាស៊ុតរបស់យើងទាំងអស់មិនមែនស្ថិតនៅក្នុងកន្ត្រកតែមួយទេ»។
លោកស្រីបានបន្ថែមថា ប្រទេសហ្វីលីពីនកំពុងធ្វើឱ្យពាណិជ្ជកម្មជាមួយអឺរ៉ុបតាមរយៈកិច្ចចរចា FTA ដែលនឹងបើកទីផ្សារអ្នកប្រើប្រាស់ដែលមានប្រាក់ចំណូលខ្ពស់ជិត ៤៥០លាននាក់។
សេចក្តីថ្លែងការណ៍នេះបានកើតឡើងនៅពេលដែលទីក្រុងម៉ានីល និងសហភាពអឺរ៉ុបបានបញ្ចប់កិច្ចចរចា FTA ជុំទីប្រាំនៅទីក្រុងព្រុចសែលកាលពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៦។
គណៈប្រតិភូសហភាពអឺរ៉ុបនៅទីក្រុងម៉ានីលបាននិយាយថា«វឌ្ឍនភាពគួរឱ្យកត់សម្គាល់នេះ ត្រូវបានសម្រេចនៅទូទាំងវិស័យជាច្រើនដែលគ្របដណ្តប់ដោយកិច្ចព្រមព្រៀងដែលបានស្នើឡើង ដោយភាគីទាំងពីរបានប្តេជ្ញាថានឹងបញ្ចប់វាក្នុងពេលឆាប់ៗនេះ»។
សេចក្ដីថ្លែងការណ៍នេះបានឱ្យដឹងថា «សហភាពអឺរ៉ុប និងហ្វីលីពីនបានបញ្ជាក់សារជាថ្មីនូវមហិច្ឆតារួមរបស់ពួកគេក្នុងការបញ្ចប់កិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងមានមហិច្ឆតាមួយដែលពង្រឹងចំណងសេដ្ឋកិច្ច និងគាំទ្រដល់កំណើនដែលមានភាពធន់ និងមាននិរន្តរភាព»។
កិច្ចចរចាសម្រាប់ FTA ត្រូវបានចាប់ផ្តើមជាលើកដំបូងនៅក្នុងខែធ្នូឆ្នាំ២០១៥ ប៉ុន្តែបានជាប់គាំងបន្ទាប់ពីសហភាពអឺរ៉ុបបានលើកឡើងពីកង្វល់ផ្នែកមនុស្សធម៌ក្នុងអំឡុងពេលរដ្ឋបាលមុន។
នៅក្នុងឆ្នាំ២០២៣ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ុឡា វ៉ុន ដឺ ឡេយ៉េន (Ursula von der Leyen) និងប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីនែនដ៍ អ. ម៉ាកូស ជេអ. (Ferdinand R. Marcos Jr.) បានប្រកាសពីផែនការដើម្បីចាប់ផ្តើមកិច្ចចរចាឡើងវិញ។ ប្រទេសហ្វីលីពីន និងសហភាពអឺរ៉ុបបានចាប់ផ្តើមកិច្ចចរចាជាផ្លូវការនៅទីក្រុងព្រុចសែលកាលពីថ្ងៃទី១៨ខែមីនា ឆ្នាំ២០២៤៕





