ការបំផ្ទុះគ្រាប់បែកអត្តឃាតបីកន្លែងនៅនីហ្សេរីយ៉ា សម្លាប់មនុស្ស ២៣នាក់ និងរបួស ១០៨នាក់
AKP ភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ -- បញ្ជាការដ្ឋានប៉ូលិសរដ្ឋបូណូ បានរាយការណ៍ថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះគ្រាប់បែកនៅភាគឦសានប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់មនុស្ស ២៣នាក់ និងរបួស ១០៨នាក់ផ្សេងទៀត។
សេចក្តីប្រកាសព័ត៌មានដែលបានបង្ហោះនៅលើទំព័របណ្តាញសង្គមអ៊ិចរបស់ទីភ្នាក់ងារនោះបាននិយាយថា «ជាអកុសល មនុស្សសរុបចំនួន ២៣នាក់បានបាត់បង់ជីវិត ខណៈ ១០៨នាក់ផ្សេងទៀតបានរងរបួសក្នុងកម្រិតផ្សេងៗគ្នា»។
ការផ្ទុះបានរញ្ជួយទីក្រុងម៉ៃឌូគូរី។ យោងតាមការស៊ើបអង្កេត បានឱ្យដឹងថា អ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបានបំផ្ទុះឧបករណ៍ផ្ទុះបីកន្លែង គឺនៅជិតមន្ទីរពេទ្យសាកលវិទ្យាល័យ ផ្សារ និងផ្លូវហាយវេ។ ប៉ូលិសបានស្វែងរកគ្រឿងផ្ទុះផ្សេងទៀតនៅក្នុងតំបន់នោះ ប៉ុន្តែរកមិនឃើញអ្វីនោះទេ។ អ្នករងរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយមន្ត្រីអនុវត្តច្បាប់កំពុងស៊ើបអង្កេតហេតុការណ៍នេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





