ក្រុមការងារចុះជួយសង្កាត់បន្សាយរាក់ ក្រុងសំរោងនាំយកសម្ភារស័ង្កសី និងថវិកាជួយគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៥ខ្នងផ្ទះក្នុងភូមិបន្សាយរាក់ និងភូមិកំណប់
AKP ឧត្តរមានជ័យ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦--លោក ឆឹម តឿ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយសង្កាត់បន្សាយ រាក់ រួមជាមួយអនុប្រធាន សមាជិកក្រុមការងារ បានចុះសាកសួរសុខទុក្ខ និងប្រគល់សម្ភារជូនដល់គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន១៥ខ្នងផ្ទះ ក្នុងភូមិបន្សាយរាក់ និងភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ ។

លោក ឆឹម តឿ បានលើកឡើងថា ក្នុងស្មារតីសាមគ្គីភាព និងការគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជាចម្បង ក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សចុះជួយសង្កាត់បន្សាយរាក់ បានចុះអន្តរាគមន៍ជួយសង្គ្រោះបន្ទាន់ដល់បងប្អូនដែលរងគ្រោះដោយឧបទ្ទវហេតុខ្យល់កន្ត្រាក់។ ក្នុងនោះមាន ភូមិបន្សាយរាក់ (រងគ្រោះកាលពីថ្ងៃទី១៥ និង១៧ មេសា ឆ្នាំ២០២៦) ចែកជូនស័ង្កសីចំនួន ៤២សន្លឹក (ប្រវែង ៣.៦០ម៉ែត្រ) ដល់គ្រួសាររងគ្រោះរបើកដំបូលផ្ទះចំនួន ១១ខ្នងផ្ទះ។ ភូមិកំណប់ (រងគ្រោះកាលពីថ្ងៃទី១៧ មេសា ឆ្នាំ២០២៦)ចែកជូនស័ង្កសីចំនួន ៤៨សន្លឹក (ប្រវែង ៣.៦០ម៉ែត្រ) ដល់គ្រួសាររងគ្រោះដែលដួលរលំផ្ទះចំនួន១ខ្នង និងរបើកដំបូលចំនួន៣ខ្នងផ្ទះ។

លោកប្រធានក្រុមការងារ បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជូនដល់បងប្អូនប្រជាពលរដ្ឋ បានបញ្ជាក់ថា ក្រុមការងារតែងតែនៅក្បែរបងប្អូនជានិច្ច ទោះក្នុងស្ថានភាពបែបណាក៏ ដោយ ដើម្បីជួយសម្រាលទុក្ខលំបាក និងផ្ដល់ក្ដីសង្ឃឹមជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

លោកក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋយើង ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះសុខភាព គ្រោះថ្នាក់ផ្សេងៗ ដូចជាបណ្តាលមកពីគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ជាដើម ៕

ដោយ៖ ទិត ស្រ៊





