រដ្ឋមន្ត្រីក្រសួងអប់រំ និងតំណាងសកលវិទ្យាល័យ De Montfort ពិនិត្យមើលលើសមិទ្ធផលនានា ដែលសកលវិទ្យាល័យសម្រេចបានចាប់តាំងពីការបើកដំណើរការ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកស្រីសាស្ត្រាចារ្យ Katie Normington សកលវិទ្យាធិការរងសកលវិទ្យាល័យ De Montfort បានពិនិត្យមើលលើសមិទ្ធផលនានា ដែលសកលវិទ្យាល័យសម្រេចបានចាប់តាំងពីការបើកដំណើរការ និងបានពិភាក្សាលើការកែលម្អលើកិច្ចការមួយចំនួន ដើម្បីគាំទ្រដល់ប្រតិបត្តិការរបស់សកលវិទ្យាល័យ De Montfort នៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ក្នុងជំនួបនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ លោកស្រីសាស្ត្រាចារ្យ Katie Normington បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធក្នុងការគាំទ្រ និងអនុញ្ញាតឱ្យសកលវិទ្យាល័យនាំយកនូវកម្មវិធីអប់រំកម្រិតខ្ពស់ និងសញ្ញាបត្រដែលមានតម្លៃស្មើនឹងការសិក្សានៅចក្រភពអង់គ្លេសមកផ្តល់ជូនដល់និស្សិតដោយផ្ទាល់នៅកម្ពុជា។ ដើម្បីធានាបាននូវគុណភាពអប់រំសកលវិទ្យាល័យនឹងបន្តខិតខំប្រឹងប្រែងពិនិត្យ និងពង្រឹងបន្ថែមលើស្តង់ដារៀន និងបង្រៀនក៏ដូចជាស្តង់ដានៃការប្រឡង និងកម្មវិធីសិក្សានានា ក្នុងគោលដៅឱ្យនិស្សិតកម្ពុជាទទួលបាននូវចំណេះដឹង និងមានសមត្ថភាពពិតប្រាកដ ដូចគុណភាពសិក្សានៅចក្រភពអង់គ្លេសផងដែរ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណដល់ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលបានសម្របសម្រួលឱ្យលោកស្រី Katie Normington មកកាន់ប្រទេសកម្ពុជានាពេលនេះ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់សកលវិទ្យាល័យក្នុងការជួយជំរុញសេដ្ឋកិច្ចកម្ពុជា តាមរយៈការបណ្តុះបណ្តាលធនធានមនុស្សដែលមានគុណភាព និងបានផ្តល់ជាអនុសាសន៍ និងមតិយោបល់មួយចំនួនដោយឱ្យសកលវិទ្យាល័យពិនិត្យមើលលទ្ធភាពនូវការដាក់ចេញកម្មវិធីសិក្សាបែប "Sandwich Program" ដែលអនុញ្ញាតឱ្យនិស្សិតសិក្សាឆ្នាំមូលដ្ឋាននៅកម្ពុជា និងបន្តការសិក្សានៅចក្រភពអង់គ្លេស ឬតាមរយៈប្រព័ន្ធអនឡាញ ដើម្បីពង្រីកលទ្ធភាពទទួលបានចំណេះដឹង និងបទពិសោធថ្មីៗ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យសកលវិទ្យាល័យបន្តពង្រឹងកិច្ចសហការ និងចែករំលែកបទពិសោធជាមួយសកលវិទ្យាល័យក្នុងស្រុក ដើម្បីលើកកម្ពស់ស្តង់ដាអប់រំរួមគ្នា និងបានបញ្ជាក់ថា ក្រសួងនឹងពិនិត្យសម្របសម្រួលលើក្របខ័ណ្ឌបទប្បញ្ញត្តិនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការប្រតិបត្តិការ និងការជ្រើសរើសនិស្សិតឱ្យកាន់តែមានប្រសិទ្ធភាព៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





