រដ្ឋមន្ត្រីការបរទេស៖ វេណេស៊ុយអេឡា និងរុស្ស៊ីគាំទ្រពិភពលោកពហុប៉ូល
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ -- លោក អ៊ីវែន ហ្គីល ពីនតូ(Yvan Gil Pinto) រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡា បានប្រាប់អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានតាសស៍ (TASS) ថាប្រទេសវេណេស៊ុយអេឡា និងរុស្ស៊ី ក្នុងនាមជាប្រទេសបងប្អូន និងជាដៃគូយុទ្ធសាស្ត្រ គាំទ្រចំពោះការបង្កើតពិភពលោកពហុប៉ូល។
រដ្ឋមន្ត្រីរូបនេះបាននិយាយនៅក្នុងពិធីរំលឹកខួបលើកទី៨១ នៃការបង្កើតទំនាក់ទំនងការទូតជាមួយរុស្ស៊ីថា «រុស្ស៊ី និងវេណេស៊ុយអេឡា គឺជាប្រទេសបងប្អូន ជាដៃគូយុទ្ធសាស្ត្រ ជាដៃគូក្នុងការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិ ក៏ដូចជានៅក្នុងក្រុមមិត្តភក្តិក្នុងការការពារធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយប្រទេសទាំងពីរតស៊ូមតិដើម្បីបង្កើតពិភពលោកពហុប៉ូល និងពហុមជ្ឈមណ្ឌល»។
លោកបានកត់សម្គាល់ថា ទំនាក់ទំនងការទូតរវាងប្រទេសវេណេស៊ុយអេឡា និងសហភាពសូវៀតត្រូវបានបង្កើតឡើងនៅថ្ងៃទី១៤ ខែមីនាឆ្នាំ១៩៤៥ មុនពេលបញ្ចប់សង្គ្រាមលោកលើកទី២។ លោករដ្ឋមន្ត្រីការបរទេសបានសង្កត់ធ្ងន់ថា «ថ្ងៃនេះ ប៉ែតសិបឆ្នាំក្រោយមក សណ្តាប់ធ្នាប់ពិភពលោកមួយបានលេចចេញឡើង ដែលពោរពេញទៅដោយបញ្ហាប្រឈម ដែលអាចដោះស្រាយបានតាមរយៈកិច្ចសហប្រតិបត្តិការ ការប្រកាន់ខ្ជាប់នូវធម្មនុញ្ញអង្គការសហប្រជាជាតិ និងមិត្តភាពរវាងប្រជាជន»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





