មីយ៉ាន់ម៉ាកំណត់កាលបរិច្ឆេទសម្រាប់សម័យប្រជុំលើកដំបូងរបស់សភាថ្មី
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសមីយ៉ាន់ម៉ានឹងបើកសម័យប្រជុំលើកដំបូងនៃសភាជាន់ទាប (Pyithu Hluttaw) លើកទីបីរបស់ខ្លួននៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើយោងតាមសេចក្តីប្រកាសថ្មីដែលចេញដោយសភាជាន់ទាបមីយ៉ាន់ម៉ា។
ដូចដែលបានរាយការណ៍ដោយទីភ្នាក់ងារសារព័ត៌មានស៊ីនហួររបស់ប្រទេសចិន ក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខរបស់ប្រទេសមីយ៉ាន់ម៉ាក៏បានចេញសេចក្តីប្រកាសមួយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ផងដែរដោយបានបញ្ជាក់ថា សម័យប្រជុំលើកដំបូងនៃសភាជាន់ខ្ពស់ (Amyotha Hluttaw) លើកទីបី និងសម័យប្រជុំលើកដំបូងនៃសភាតំបន់ និងរដ្ឋ (សភាតំបន់ និងរដ្ឋ) លើកទីបី នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា និងថ្ងៃទី២០ខែមីនា ឆ្នាំ២០២៦ រៀងៗខ្លួន។
យោងតាមលទ្ធផលផ្លូវការ ដែលបានចេញផ្សាយដោយគណៈកម្មការរៀបចំការបោះឆ្នោតសហភាព បានឱ្យដឹងថា គណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍ របស់មីយ៉ាន់ម៉ា បានឈ្នះអាសនៈភាគច្រើននៅក្នុងសភាសហភាពក្នុងការបោះឆ្នោតជាសកលកាលពីដើមឆ្នាំនេះ។
សភាសហភាពរបស់មីយ៉ាន់ម៉ាមានសភាពីរ ដែលមានអាសនៈសរុបចំនួន៦៦៤ គឺសភាជាន់ទាប Pyithu Hluttaw ដែលមានអាសនៈចំនួន៤៤០និងសភាជាន់ខ្ពស់ Amyotha Hluttaw ដែលមានអាសនៈចំនួន២២៤។សភាសហភាពដែលទើបបង្កើតថ្មីនឹងជ្រើសរើសប្រធានាធិបតីថ្មីរបស់ប្រទេសមីយ៉ាន់ម៉ា៕





