ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត និងគោលជំហររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយគុយបាឱ្យកាន់តែរឹងមាំ
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្ត និងគោលជំហររបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងការបន្តពង្រឹង និងពង្រីកទំនាក់ទំនងជាមួយគុយបាឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្លងដែន ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត។

ក្នុងឱកាសពិព័រណ៍រូបថត អបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា នាថ្ងៃអង្គារ ៥កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ នៅសាលចតុម្មុខមង្គល ក្រសួងព័ត៌មាន ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) និងស្ថានទូតគុយបាប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលបានសហការរៀបចំកម្មវិធីពិព័រណ៍រូបថតនេះឡើង និងសូមអរគុណ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសទាំងអស់ ដែលបានចូលរួមអបអរសាទរព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ទន្ទឹមនេះ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន សូមបួងសួងទេវតាឆ្នាំថ្មី សូមតាមថែរក្សា ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងភ្ញៀវកិត្តិយសទាំងអស់ ឱ្យមានសុខភាពល្អបរិបូរណ៍ និងជោគជ័យគ្រប់ភារកិច្ច។
ឯកឧត្តម នេត្រ ភក្ត្រា បានប្រកាសបើកជាផ្លូវការ «ពិព័រណ៍រូបថត អបអរខួប៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជា និងគុយបា» ចាប់ពីពេលនេះតទៅ៕


ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ខឹម សុវណ្ណារ៉ា





