គ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ៦គ្រួសារនៅភូមិអភិវឌ្ឍន៍សែនជ័យបានទទួលអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី២១មេសាឆ្នាំ២០២៦---
លោកជំទាវ លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំតំណាងឯកឧត្តម នួន ផារ័ត្ន ប្រធានគណ:កម្មាធិការសាខាកាកក្រហមកម្ពុជា ខេត្តកំពង់ធំ សមាជិកសមាជិកា ប្រធានអនុសាខាកាក បាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្កបាននាំយកអំ ណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំចុះសាកសួរសុខទុក្ខដល់គ្រួសារដែលរងគ្រោះដោយខ្យល់កន្រ្ទាក់ចំនួន៦គ្រួសារស្មើនិ៦ខ្នងផ្ទះ មានរលំទាំងស្រុងចំនួន២គ្រួសារ និងរបើកដំបូលចំនួន៤គ្រួសារ ក្នុងភូមិអភិវឌ្ឍន៍សែនជ័យ ដីសម្បទានសង្គមកិច្ច ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានរងគ្រោះកាលពីថ្ងៃទី១៩ ខែមេសាឆ្នាំ២០២៦ វេលាម៉ោង៥និង១០នាទីល្ងាច។

ក្នុងឱកាសនោះលោកជំទាវអនុប្រធានអចិន្ត្រៃយ៍បានពាំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីចម្ងាយពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ដែលជានិច្ចកាលសម្ដេចនិងឯកឧត្តមតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋដោយមិន ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ស្របតាមទិសស្លោក "ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា"។


ដើម្បីបង្កើនសុខសុវត្ថិភាពលោកជំទាវបានផ្ដាំផ្ញើដល់បងប្អូនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនេះ សូមខិតខំប្រកបរបររកស៊ីប្រចាំថ្ងៃដើម្បីចូលរួមលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងរស់នៅប្រកបដោយអនាម័យជាប់ជាប្រចាំទាំងការផឹកស្អាត ហូបស្អាតនិងសម្រាកក្នុងមុងដើម្បីជៀសផុតអំពីជំងឺគ្រុនឈាមដែលអាចកើតមានគ្រប់ពេលវេលាមិនថាមនុស្សចាស់ឬក្មេងឡើយ។
សូមបញ្ជាក់ថាអំណោយបានប្រគល់ជូនគ្រួសាររងគ្រោះទាំង៦គ្រួសារក្នុងមួយគ្រួសារៗទទួលបាននូវអង្ករចំនួន២៥ គីឡូក្រាម មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ីវ០១យួរ តង់១ ឃីត១កញ្ចប់និងថវិការមួយចំនួនផងដែរ៕

ដោយ៖ ស៊ុម វណ្ណា





