សេចក្តីប្រកាសព័ត៌មាន ស្តីពី ពិព័រណ៍រូបថត អបអរខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-គុយបា
AKP ភ្នំពេញ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦-
អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៃក្រសួងព័ត៌មាន បានសហការជាមួយស្ថានឯកអគ្គរដ្ឋ ទូតគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងការរៀបចំពិព័រណ៍រូបថត នៅសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន នៅថ្ងៃនេះ ដើម្បីអបអរសាទរខួប ៦៥ឆ្នាំ នៃទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋគុយបា (១៩៦០-២០២៥)។ ពិធីនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបា ប្រចាំនៅកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីតំណាងមកពីរដ្ឋសភា ក្រសួង-ស្ថាប័ននានា អង្គទូត បរទេសប្រចាំនៅកម្ពុជា និងតំណាងស្ថាប័នជាតិ-អន្តរជាតិ សរុបចំនួនប្រមាណ ២០០នាក់។
រូបថតចំនួន ៣១សន្លឹក ត្រូវបានជ្រើសរើសយកមកតាំងបង្ហាញក្នុងពិធីនេះ ដោយរំលេចអំពីពេលវេលា និងសមិទ្ធផលសំខាន់ៗ ដែលឆ្លុះបញ្ចាំងពីមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងរវាងប្រទេស ទាំងពីរ ក្នុងរយៈពេលជាង ៦ទសវត្សរ៍មកនេះ ដោយចំណងមិត្តភាពដ៏រឹងមាំនេះ ឈរលើមូលដ្ឋាននៃការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រួមមាន សុខាភិបាល អប់រំ ការទូត វប្បធម៌ កីឡា និងព័ត៌មាន។
ថ្លែងក្នុងពិព័រណ៍នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានរម្លឹកអំពីសារៈសំខាន់ជាប្រវត្តិសាស្ត្រនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ចាប់តាំងពីថ្ងៃទី១៥ ខែមេសា ឆ្នាំ១៩៦០ ក្រោមព្រះរាជតម្រិះផ្តួចផ្តើមរបស់ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និង ឯកឧត្តម Fidel Castro អគ្គមគ្គុទេសក៍បដិវត្តន៍គុយបា។ ឯកឧត្តមរដ្ឋមន្រ្ដីក៏បានឆ្លៀតឱកាសសម្តែងនូវការដឹងគុណចំពោះគុយបា ដែលបានផ្តល់ការគាំទ្រយ៉ាងមានតម្លៃដល់កម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការកសាង និងភាពរីកចម្រើនរបស់ កម្ពុជា នាពេលកន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖ «រូបថតដែលដាក់តាំងបង្ហាញនៅក្នុងការតាំងពិព័រណ៍នេះឆ្លុះ បញ្ចាំងពីប្រវត្តិសាស្ត្រ និងសមិទ្ធផលដែលកើតចេញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសយើងទាំងពីរ»។ នៅក្នុងបរិបទនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងដ៏រឹងមាំរវាងកម្ពុជា និងគុយបា នៅក្នុងវិស័យព័ត៌មាន ដោយផ្តោតជាសំខាន់លើការផ្លាស់ប្តូរព័ត៌មាន ការផ្សព្វផ្សាយ វប្បធម៌នៃប្រទេសទាំងពីរ និងការបណ្តុះបណ្តាលជំនាញបច្ចេកទេសដល់អ្នកសារព័ត៌មាន។ ឯកឧត្តម នេត្រ ភក្រ្ដា ក៏បានបង្ហាញពី «គោលជំហរដ៏រឹងមាំរបស់ក្រសួងព័ត៌មានក្នុងការពង្រឹងទំនាក់ទំនងជាមួយគុយបាឱ្យកាន់តែរឹងមាំ ដើម្បីជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ឆ្លងដែន ក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត»។
ក្នុងពិធីនេះដែរ លោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ពីទំនាក់ទំនងប្រពៃណីដ៏រឹងមាំរវាងគុយបា និងកម្ពុជា ដោយកត់សម្គាល់ថា ទំនាក់ទំនងទ្វេភាគីនេះ នៅតែបន្តឈរលើគោលការណ៍រួម ការយោគយល់គ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព និងច្បាប់អន្តរជាតិ។ លោកជំទាវ ឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា៖ «អស់ រយៈពេលជាង ៦៥ឆ្នាំមកនេះ ប្រទេសគុយបា និងប្រទេសកម្ពុជា បានពង្រឹងទំនាក់ទំនងពិសេស និងជាប្រពៃណី ដោយផ្អែកលើគោលការណ៍រួមដ៏រឹងមាំ ការគោរពគ្នាទៅវិញទៅមក និងការយោគយល់គ្នា ក៏ដូចជា ការការពារសន្តិភាព និងបុព្វហេតុត្រឹមត្រូវ ក្នុងក្របខ័ណ្ឌនៃច្បាប់អន្តរជាតិ។»
លោកជំទាវឯកអគ្គរដ្ឋទូតបានបន្ថែមថា ពេលវេលាដ៏គួរឱ្យកត់សម្គាល់នៃចំណងមិត្តភាពជិតស្និទ្ធទាំងនេះ ត្រូវបាន បង្ហាញនៅក្នុងរូបថតនៃការតាំងពិព័រណ៍ ដែលរៀបចំដោយក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា និង ស្ថានទូតគុយបា ដែលជាមរតកនៃមិត្តភាព និងសាមគ្គីភាពជាប្រវត្តិសាស្ត្រសម្រាប់ប្រជាជនគុយបា និង ប្រជាជនកម្ពុជា ជំនាន់បច្ចុប្បន្ន និងអនាគត។
សូមជម្រាបជូនថា ពិព័រណ៍រូបថតនេះ គឺជាការរម្លឹកដល់មិត្តភាពជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរ និងជាការបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរួម ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជន ប្រទេសទាំងពីរ៕

ដោយ៖ AKP





