កូរ៉េខាងត្បូងរាយការណ៍ពីករណីជំងឺផ្តាសាយបក្សីចំនួន ២ករណីបន្ថែមទៀតនៅក្នុង កសិដ្ឋានចិញ្ចឹមមាន់
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- មន្ត្រីកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ពីករណីជំងឺផ្តាសាយបក្សីបង្កជំងឺខ្ពស់ចំនួន ២បន្ថែមទៀតនៅក្នុងកសិដ្ឋានចិញ្ចឹមសត្វបក្សីដែលនាំឱ្យចំនួនករណីសរុបនៅរដូវកាលនេះកើនដល់ ៤៨ករណី។
យោងតាមទីស្នាក់ការកណ្តាលវិធានការទប់ស្កាត់គ្រោះមហន្តរាយ និងសុវត្ថិភាពកណ្តាល បានឱ្យដឹងថា ករណីថ្មីទាំងនេះត្រូវបានរាយការណ៍នៅកសិដ្ឋានចិញ្ចឹមសត្វបក្សីក្នុងតំបន់ស៊ុងជូ មានចម្ងាយប្រហែល២២០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល និងតំបន់ជីមជេ មានចម្ងាយប្រហែល ២០០គីឡូម៉ែត្រភាគខាងត្បូងនៃរដ្ឋធានី។
អាជ្ញាធរបាននិយាយថា ពួកគេកំពុងគ្រប់គ្រងការចូលទៅកាន់កសិដ្ឋានធ្វើការសម្លាប់សត្វបក្សីដែលរងផលប៉ះពាល់ និងស៊ើបអង្កេតករណីទាំងនោះ។ អាជ្ញាធរបានបន្ថែមថា បទបញ្ជាផ្អាករយៈពេល ២៤ម៉ោងក៏ត្រូវបានចេញសម្រាប់តំបន់ជិតខាងនៃកសិដ្ឋានផងដែរ។
មន្ត្រីម្នាក់មកពីក្រសួងកសិកម្មបាននិយាយថា «ដោយសារកសិដ្ឋានចិញ្ចឹមសត្វបក្សីបានរាយការណ៍ពីករណីជំងឺផ្តាសាយបក្សីជាច្រើនក្នុងចំណោមកសិដ្ឋានចិញ្ចឹមសត្វបក្សីទាំងនោះ យើងសូមអំពាវនាវដល់រដ្ឋាភិបាលក្នុងតំបន់ឱ្យចាត់វិធានការបង្ការ រួមទាំងការគ្រប់គ្រងតំបន់ដែលបានកំណត់ ដាក់ពង្រាយមន្ត្រី និងអនុវត្តន៍ការត្រួតពិនិត្យដើម្បីការពារករណីឆ្លងបន្ថែមទៀត»៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





