ប្រធានាធិបតីក្រូអាត លោក មីឡាណូវីក ច្រានចោលកិច្ចសហប្រតិបត្តិការយោធាជាមួយអ៊ីស្រាអែល
AKP ភ្នំពេញ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីក្រូអាត លោកហ្សូរ៉ាន់ មីឡាណូវីក (Zoran Milanovic) បានប្រកាសកាលពីថ្ងៃចន្ទថាយោធាក្រូអាតនឹងមិនសហការតាមមធ្យោបាយណាមួយជាមួយយោធាអ៊ីស្រាអែល ឬឧស្សាហកម្មយោធារបស់អ៊ីស្រាអែលឡើយ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកបាននិយាយថា ដោយសារតែទង្វើដែលលោកបានពិពណ៌នាថាជាសកម្មភាពដែលមិនអាចទទួលយកបានដោយយោធាអ៊ីស្រាអែល និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ លោកបានបញ្ជាកាលពីខែឧសភា ឆ្នាំមុនឱ្យបញ្ចប់កិច្ចសហប្រតិបត្តិការទាំងអស់រវាងកងកម្លាំងប្រដាប់អាវុធក្រូអាត និងយោធាអ៊ីស្រាអែល ដែលជាការសម្រេចចិត្តអនុវត្តន៍ចំពោះសមាជិកទាំងអស់នៃកងកម្លាំងប្រដាប់អាវុធក្រូអាត។
ដោយអំពាវនាវឱ្យរដ្ឋាភិបាលក្រូអាតបញ្ឈប់ការជួញដូរអាវុធ និងសម្ភារៈយោធាទាំងអស់ជាមួយអ៊ីស្រាអែល លោកបានបញ្ជាក់ជាថ្មីថាកងកម្លាំងប្រដាប់អាវុធក្រូអាតនឹងមិនសហការតាមមធ្យោបាយណាមួយជាមួយកងទ័ពអ៊ីស្រាអែលនាពេលអនាគតឡើយ។
ការកត់សម្គាល់របស់ប្រធានាធិបតីបានកើតឡើងនៅពេលដែលឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ លោក អ៊ីវ៉ាន់ អានូស៊ីក (Ivan Anusic) បានចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអ៊ីស្រាអែល។
លោក អានូស៊ីក បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោក អ៊ីស្រាអែល កាតហ្ស៍ (Israel Katz) នៅទីក្រុងតេលអាវីវ កាលពីថ្ងៃចន្ទ។ កិច្ចប្រជុំជាមួយតំណាងឧស្សាហកម្មការពារជាតិអ៊ីស្រាអែលក៏ស្ថិតនៅក្នុងរបៀបវារៈផងដែរ។
ទោះបីជាប្រធានាធិបតីក្រូអាតជាអគ្គមេបញ្ជាការកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសក៏ដោយ លោកមិនអាចសម្រេចចិត្តជាឯកតោភាគីលើកិច្ចការយោធាទាំងអស់បានទេ ដោយសារកិច្ចសហប្រតិបត្តិការយោធាបរទេស និងការផ្គត់ផ្គង់អាវុធត្រូវបានដឹកនាំដោយរដ្ឋាភិបាល៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





