ឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក ចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ៣៨,៤ប៊ីលានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន១១ ដែលមានតម្លៃ ៣៨,៤ប៊ីលានដុល្លារអាម៉េរិក រវាងក្រុមហ៊ុនឥណ្ឌូណេស៊ី និងសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្មមួយនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី កាលពីពេលថ្មីៗនេះ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទាំងនេះ បានធ្វើឡើងក្នុងអំឡុងពេលនៃសម័យប្រជុំតុមូល ដែលរៀបចំឡើងដោយក្រុមប្រឹក្សាពាណិជ្ជកម្មសហរដ្ឋអាមេរិក-អាស៊ាន ដែលគ្របដណ្តប់ទៅលើការរុករករ៉ែនិងការកែច្នៃផលិតផលថ្មីៗ ថាមពល កសិ-ពាណិជ្ជកម្ម វាយនភណ្ឌ និងសម្លៀកបំពាក់ ការផលិតគ្រឿងសង្ហារឹម និងបច្ចេកវិទ្យាទំនើប។
រដ្ឋាភិបាលឥណ្ឌូណេស៊ី បាននិយាយថា សម្រាប់វិស័យកសិកម្មក្នុងចំណោមកិច្ចព្រមព្រៀងទាំងនេះ មានតម្លៃ ២,៥ប៊ីលានដុល្លារអាម៉េរិក។អនុស្សរណៈនៃការយោគយល់គ្នាលើវិស័យឧស្សាហកម្ម បានឈានដល់តម្លៃ ៣៥,៩ប៊ីលានដុល្លារអាមេរិក រួមទាំងកិច្ចសហប្រតិបត្តិការលើឧបករណ៍អេឡិចត្រូនិក និងសម្ភារៈឧស្សាហកម្មជាយុទ្ធសាស្ត្រ។
យោងតាមលេខាធិការដ្ឋានគណៈរដ្ឋមន្ត្រីឥណ្ឌូណេស៊ី បានឱ្យដឹងថាកិច្ចព្រមព្រៀងទាំងនេះឆ្លុះបញ្ចាំងពីទំនុកចិត្តខ្ពស់របស់អាជីវកម្មអន្តរជាតិចំពោះអនាគតសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូណេស៊ី។ កិច្ចព្រមព្រៀងទាំងនេះក៏ពង្រឹងគោលជំហររបស់ឥណ្ឌូណេស៊ីជាដៃគូយុទ្ធសាស្ត្រនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកផងដែរ។
រដ្ឋាភិបាលនឹងបន្តតាមដានលទ្ធផលជាក់ស្តែងនៃការអនុវត្តកិច្ចព្រមព្រៀងសម្រាប់សេដ្ឋកិច្ចជាតិ ក៏ដូចជាធានាកិច្ចសហប្រតិបត្តិការអន្តរជាតិ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





