កងកម្លាំងអាហ្វហ្គានីស្ថានរុះរើរោងចក្រផលិតហេរ៉ូអ៊ីនចំនួន ១០កន្លែងនៅក្នុងខេត្តហេលមេន
AKP ភ្នំពេញ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងមហាផ្ទៃបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានបិទមន្ទីរពិសោធន៍កែច្នៃហេរ៉ូអ៊ីនចំនួន ១០កន្លែង និងរឹបអូសគ្រឿងញៀនខុសច្បាប់រាប់ពាន់គីឡូក្រាមនៅភាគខាងត្បូងខេត្តហេលមេន។
ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អង្គភាពប្រឆាំងគ្រឿងញៀនបានធ្វើប្រតិបត្តិការគោលដៅនៅជាយក្រុងបាករ៉ាន នៃខេត្តហេលមេន ដោយបំផ្លាញកន្លែងទាំងនោះ និងរកឃើញសារធាតុចំនួន២១.៨០០គីឡូក្រាមដែលប្រើក្នុងការផលិតហេរ៉ូអ៊ីន។
អាជ្ញាធរអាហ្វហ្គានីស្ថានបានបង្កើនការបង្ក្រាបទូទាំងប្រទេសលើការជួញដូរ និងផលិតគ្រឿងញៀន ដោយសន្យាថានឹងបន្តប្រតិបត្តិការរហូតដល់ការដាំដុះអាភៀន និងការផលិតហេរ៉ូអ៊ីនត្រូវបានលុបបំបាត់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





