លោកស្រី តាកាអ៊ីឈិ ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីជប៉ុនឡើងវិញ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- លោកស្រី សាណាអេ តាកាអ៊ិឈិ (Sanae Takaichi) មេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីទី១០៥ របស់ប្រទេសនេះកាលពីថ្ងៃពុធ ដោយសមាជិកសភា។
សម័យប្រជុំពិសេសមួយរបស់សភាជប៉ុនត្រូវបានកោះប្រជុំកាលពីថ្ងៃពុធ ដោយសមាជិកសភាដែលត្រូវបានជ្រើសតាំងកាលពីដើមខែនេះបានចូលរួមក្នុងកិច្ចប្រជុំពេញអង្គ។
ដំបូងឡើយ លោកស្រី តាកាអ៊ីឈិ បានទទួលការតែងតាំងជានាយករដ្ឋមន្ត្រីដោយគ្មានការបោះឆ្នោតជុំទីពីរនៅក្នុងសភាជាន់ទាបទេ ហើយបន្ទាប់មកបានឈ្នះសំឡេងឆ្នោតច្រើនជាងគេនៅក្នុងការបោះឆ្នោតជុំទីពីរនៅក្នុងសភាជាន់ខ្ពស់ បន្ទាប់ពីគ្មានបេក្ខជនណាទទួលបានសំឡេងភាគច្រើននៅក្នុងការបោះឆ្នោតលើកដំបូង។
កាលពីព្រឹកថ្ងៃពុធ លោកស្រី តាកាអ៊ីឈិ និងគណៈរដ្ឋមន្ត្រីរបស់លោកស្រីបានលាលែងពីតំណែងជាសាធារណៈនៅមុនពេលសម័យប្រជុំសភា។ គណៈរដ្ឋមន្ត្រីទីពីររបស់លោកស្រីនឹងត្រូវដាក់ឱ្យដំណើរការបន្ទាប់ពីការតែងតាំងជាផ្លូវការរបស់លោកស្រីជានាយករដ្ឋមន្ត្រី និងការទទួលស្គាល់រដ្ឋមន្ត្រីរបស់លោកស្រីដោយព្រះចៅអធិរាជជប៉ុននៅពេលល្ងាយនៃថ្ងៃដដែលនោះ។
គណបក្ស LDP ដែលដឹកនាំដោយលោកស្រី តាកាអ៊ីឈិ បានឈ្នះអាសនៈជាងពីរភាគបីនៅក្នុងសភាជាន់ទាបក្នុងការបោះឆ្នោតជាសកលកាលពីដើមខែនេះ។ ចាប់តាំងពីចូលកាន់តំណែងកាលពីខែតុលាឆ្នាំមុនមកលោកស្រីក៏បានបង្កើតការរៀបចំសម្ព័ន្ធភាពថ្មីជាមួយគណបក្សនវានុវត្តន៍ជប៉ុន (JIP) ផងដែរ។
យោងតាមសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា លោកស្រី តាកាអ៊ីឈិ ត្រូវបានគេរំពឹងថានឹងតែងតាំងរដ្ឋមន្ត្រីដែលបានបម្រើការនៅក្នុងគណៈរដ្ឋមន្ត្រីមុនរបស់លោកស្រីឡើងវិញ។ គណបក្ស JIP ដែលជាដៃគូចម្រុះរបស់គណបក្ស LDP នឹងបន្តសហការពីខាងក្រៅគណៈរដ្ឋមន្ត្រី។លោកស្រី តាកាអ៊ីឈិ គ្រោងនឹងថ្លែងសុន្ទរកថាគោលនយោបាយលើកទីពីររបស់លោកស្រីទៅកាន់សភានៅថ្ងៃសុក្រស្អែកនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





