លោក វីតកូហ្វ និងលោក គូស្ន័រ នឹងតំណាងឱ្យសហរដ្ឋអាមេរិកនៅក្នុងកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់នៅទីក្រុងហ្សឺណែវ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- សេតវិមានបានបញ្ជាក់កាលពីថ្ងៃអាទិត្យថា បេសកជនកំពូលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) គឺលោក ស្ទីវ វីតកូហ្វ (Steve Witkoff) និងកូនប្រសារប្រុស លោក ចារ៉េដ គូស្ន័រ (Jared Kushner) នឹងធ្វើដំណើរទៅកាន់ទីក្រុងហ្សឺណែវនៅ ដើម្បីពិភាក្សាជាមួយអ្នកចរចាអ៊ីរ៉ង់ ស្តីពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេអេរ៉ង់។
មន្ត្រីអាម៉េរិកម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា បុរសទាំងពីរនាក់ដែលជាអ្នកចរចាជាមួយអ៊ីរ៉ង់នេះ នឹងតំណាងឱ្យទីក្រុងវ៉ាស៊ីនតោនសម្រាប់កិច្ចចរចានេះ។
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក អាបាស អារ៉ាកឈី (Abbas Araghchi) នឹងតំណាងឱ្យទីក្រុងតេអេរ៉ង់ក្នុងកិច្ចចរចា។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងរបស់លោកពីមុន។ លោកក៏នឹងជួបជាមួយសមភាគីស្វីស និងអូម៉ង់ ព្រមទាំងប្រធានទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិផងដែរ។
ទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមកិច្ចចរចាឡើងវិញនៅទីក្រុងមូស្កាត កាលពីថ្ងៃទី០៦ ខែកុម្ភៈ បន្ទាប់ពីរយៈពេលជាច្រើនខែដែលកិច្ចចរចាពីមុនបានបរាជ័យ នៅពេលដែលអ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែក ដែលមិនធ្លាប់មានពីមុនមកប្រឆាំងនឹងអ៊ីរ៉ង់កាលពីខែមិថុនាឆ្នាំមុន ដែលបានចាប់ផ្តើមសង្គ្រាមរយៈពេល ១២ថ្ងៃ។
សហរដ្ឋអាមេរិកបានចូលរួមក្នុងសង្គ្រាមនោះ ដោយបានធ្វើការវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់។
អ៊ីរ៉ង់បាននិយាយថា កិច្ចចរចានៅទីក្រុងហ្សឺណែវនឹងមានលក្ខណៈប្រយោល ដូចដែលជុំមុននៅប្រទេសអូម៉ង់ដែរ។
កិច្ចចរចាចុងក្រោយបំផុតបានកើតឡើងជាមួយនឹងទីក្រុងវ៉ាស៊ីនតោនដែលបានគំរាមកំហែងទីក្រុងតេអេរ៉ង់ជាមួយនឹងសកម្មភាពយោធា និងការដាក់ពង្រាយក្រុមនាវាផ្ទុកយន្តហោះទៅកាន់តំបន់ បន្ទាប់ពីការបង្ក្រាបដ៏សាហាវរបស់អ៊ីរ៉ង់ទៅលើការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលកាលពីខែមុន។
បន្ទាប់ពីកិច្ចចរចាជាមួយអ៊ីរ៉ង់ លោក វីតកូហ្វ និងលោក គូស្ន័រ ត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចចរចា ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុងហ្សឺណែវ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





