ចិនបញ្ជាក់ពីការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីកាណាដា និងចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ នេះតទៅ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសចិនបានបញ្ជាក់ថាពលរដ្ឋកាណាដា និងអង់គ្លេស នឹងអាចទៅទស្សនាប្រទេសចិនបានដោយមិនចាំបាច់មានទិដ្ឋាការទេ ចាប់ពីថ្ងៃអង្គារនេះតទៅ បន្ទាប់ពីមេដឹកនាំប្រទេសទាំងពីរបានប្រកាសពីកិច្ចព្រមព្រៀងបែបនេះបន្ទាប់ពីដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ទីក្រុងប៉េកាំង។
នាយករដ្ឋមន្ត្រីអង់គ្លេស និងកាណាដា លោក គ័រ ស្តាមើរ (Keir Starmer) និងលោក ម៉ាក ខាណី (Mark Carney) សុទ្ធតែបានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងកាលពីខែមករា ដោយស្វែងរកការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន និងងាកចេញពីសហរដ្ឋអាមេរិក ដែលមានភាពប្រែប្រួលកាន់តែខ្លាំងឡើងៗ។
មេដឹកនាំទាំងពីរបានសាទរចំពោះវឌ្ឍនភាពបន្ទាប់ពីកិច្ចប្រជុំជាមួយមេដឹកនាំកំពូលៗរបស់ប្រទេសចិន ដូចជាលោកប្រធានាធិបតី ស៊ី ជីនភីង (Xi Jinping) រួមទាំងបញ្ហានានា ដូចជាការចូលទៅកាន់ប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់ពលរដ្ឋរបស់ពួកគេជាដើម។
ក្រសួងការបរទេសទីក្រុងប៉េកាំងបានបញ្ជាក់ពីកិច្ចព្រមព្រៀងទាំងនេះកាលពីថ្ងៃអាទិត្យ ដោយបាននិយាយថា ពលរដ្ឋកាណាដា និងអង់គ្លេសនឹងអាចធ្វើដំណើរទៅកាន់ប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការចាប់ពីថ្ងៃអង្គារនេះតទៅ ដោយគោលនយោបាយនេះចូលជាធរមានរហូតដល់ថ្ងៃទី៣១ ខែធ្នូ។
ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា«អ្នកកាន់លិខិតឆ្លងដែនធម្មតាពីប្រទេសទាំងពីរនេះ អាចចូលទៅប្រទេសចិនដោយមិនចាំបាច់មានទិដ្ឋាការសម្រាប់គោលបំណងធុរកិច្ច ទេសចរណ៍ទៅលេងសាច់ញាតិ និងមិត្តភក្តិ ការផ្លាស់ប្តូរ ឬការឆ្លងកាត់សម្រាប់រយៈពេលមិនលើសពី ៣០ថ្ងៃ»។
ក្រសួងការបរទេសបានបន្ថែមថា កិច្ចការងារនេះ គឺដើម្បីសម្រួលបន្ថែមទៀតដល់ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនរវាងប្រទេសចិន និងប្រទេសដទៃទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ កូរ៉េថាមស៍)





