ភាពតានតឹងរវាងមីយ៉ាន់ម៉ា និងទីម័រឡេស្តមានការកើនឡើង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ -- ក្រសួងការបរទេសមីយ៉ាន់ម៉ាបាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសមីយ៉ាន់ម៉ាបានស្នើសុំឱ្យភារធារីស្ថានទូតទីម័រឡេស្តេប្រចាំប្រទេសមីយ៉ាន់ម៉ា គឺលោក អេលីស៊ីញ៉ូ ដូ រ៉ូសារីញ៉ូ ដឺ ស៊ូសា (Elisio do Rosario de Sousa) ចាកចេញពីប្រទេសមីយ៉ាន់ម៉ា។
ក្រសួងបានកោះហៅអ្នកការទូតរូបនេះកាលពីថ្ងៃទី១៣ ខែកុម្ភៈឆ្នាំ២០២៦ ដោយបញ្ជាឱ្យលោកចាកចេញពីទឹកដីមីយ៉ាន់ម៉ាមិនឱ្យលើសពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមមាត្រា៩ នៃអនុសញ្ញាទីក្រុងវីយែនឆ្នាំ១៩៦១ ស្តីពីទំនាក់ទំនងការទូត។
ក្រសួងបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពថ្មីៗនេះរបស់ទីម័រឡេស្តេទាក់ទងនឹងប្រទេសមីយ៉ាន់ម៉ា គឺជាការរំលោភបំពានយ៉ាងច្បាស់លាស់នៃធម្មនុញ្ញអាស៊ាន និងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសទាក់ទងនឹងអធិបតេយ្យភាព និងការមិនជ្រៀតជ្រែក។
បើទោះបីជាមានការបណ្តេញចេញក៏ដោយ ក៏ក្រសួងបានបញ្ជាក់សារជាថ្មីថា ប្រទេសមីយ៉ាន់ម៉ានៅតែប្តេជ្ញារក្សាទំនាក់ទំនងមិត្តភាពជាមួយប្រទេសទាំងអស់ដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក និងធម្មនុញ្ញអាស៊ាន៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





