ហ្វីលីពីនដាក់ពង្រាយនាវាចម្បាំងទំនើបៗសម្រាប់សមយុទ្ធ «បាលីកាតាន់» ជាមួយសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- កងទ័ពជើងទឹកហ្វីលីពីន (PN) នឹងដាក់ពង្រាយនាវាចម្បាំងទំនើបៗ និងទំនើបបំផុតរបស់ខ្លួនទៅកាន់សមយុទ្ធ «បាលីកាតាន់» នៅក្នុងឆ្នាំនេះជាមួយយោធាអាមេរិក។
អ្នកនាំពាក្យ PN លោកអនុសេនីយ៍ឯក ម៉ារីសសា ម៉ាទីណេស (Marissa Martinez) បាននិយាយថា នាវាចម្បាំងថ្នាក់រីហ្សាល់ និងថ្នាក់ម៉ាល់វ៉ា នាវាចំណត និងមីស៊ីលប្រឆាំងនាវាល្បឿនលឿននឹងចូលរួមក្នុងសមយុទ្ធប្រចាំឆ្នាំនេះ ដែលគ្រោងធ្វើឡើងចាប់ពីខែមេសាដល់ខែឧសភា។
កងទ័ពជើងទឹកហ្វីលីពីនមាននាវាចម្បាំងមីស៊ីលថ្នាក់ចូសេរីហ្សាល់ចំនួនពីរគ្រឿង ដែលទាំងពីរគ្រឿងត្រូវបានប្រគល់ជូនដោយក្រុមហ៊ុនសាងសង់នាវា HD Hyundai Heavy Industries របស់សាធារណរដ្ឋកូរ៉េកាលពីក្នុងឆ្នាំ២០២០ ដល់ឆ្នាំ២០២១ រៀងៗខ្លួន។
នាវាចម្បាំងមីស៊ីលថ្នាក់ម៉ាល់វ៉ាមានចំនួនពីរគ្រឿង ដែលទាំងពីរគ្រឿងត្រូវបានប្រគល់ជូន និងដាក់ឱ្យដំណើរការនៅក្នុងឆ្នាំ២០២៥។
នាវាចម្បាំងទាំងបួនគ្រឿងត្រូវបានបំពាក់ដោយប្រព័ន្ធឃ្លាំមើលឧបករណ៍ចាប់សញ្ញា និងវេទិកាអាវុធដែលអនុញ្ញាតឱ្យមានប្រតិបត្តិការប្រយុទ្ធច្រើនប្រភេទ និងបំពាក់ដោយប្រព័ន្ធអាវុធបាញ់ជិត Aselsan ទំហំ ៣៥មីលីម៉ែត្រ និងកាំភ្លើងយន្តធុនធ្ងន់ទំហំ .៥០ ចំនួនបួនដើម។
ទូរទស្សន៍ ABS-CBN របស់ហ្វីលីពីន បានដកស្រង់សម្តីមន្ត្រីកងទ័ពជើងទឹកម្នាក់ដែលបាននិយាយថា ហ្វីលីពីន និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថានឹងអនុវត្តសកម្មភាពសន្តិសុខ និងយោធារួមគ្នាជាង ៥០០ដងក្នុងឆ្នាំ២០២៦ ដែលនឹងរួមបញ្ចូលនូវសមយុទ្ធយោធាទ្រង់ទ្រាយធំ សមយុទ្ធប្រតិបត្តិការសមុទ្រ សមយុទ្ធចុះចតលើគោក និងកម្មវិធីផ្លាស់ប្តូរអ្នកជំនាញការពារជាតិជាដើម៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





