អ៊ុយក្រែនបន្តបិទការផ្គត់ផ្គង់ប្រេងពីរុស្ស៊ីទៅកាន់ហុងគ្រី
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក ភែតទ័រ អេសហ្ស៊ីជចាតូ (Peter Szijjarto) បាននិយាយនៅក្នុងកម្មវិធីវិទ្យុ Kossuth កាលពីថ្ងៃអាទិត្យថា បំពង់បង្ហូរប្រេង Druzhba បានត្រៀមរួចរាល់សម្រាប់ប្រតិបត្តិការហើយ ប៉ុន្តែប្រេងមិនហូរចេញពីប្រទេសរុស្ស៊ីទៅកាន់ប្រទេសហុងគ្រីទេ ដោយសារតែការសម្រេចចិត្តខាងនយោបាយរបស់ថ្នាក់ដឹកនាំអ៊ុយក្រែន។
ដោយធ្វើអត្ថាធិប្បាយទៅលើរបាយការណ៍នៃការផ្អាកការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសស្លូវ៉ាគី និងហុងគ្រីតាមរយៈទឹកដីអ៊ុយក្រែន លោកបានកត់សម្គាល់ថា «បំពង់បង្ហូរប្រេង Druzhba មិនត្រូវបានខូចខាតដោយសារតែការវាយប្រហារចុងក្រោយនោះទេ»។
រដ្ឋមន្ត្រីការបរទេសរូបនេះបានកត់សម្គាល់ថា «ការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជុំវិញបំពង់បង្ហូរប្រេងមិនរារាំងដល់ប្រតិបត្តិការរបស់វាទេ។ តាមបច្ចេកទេស វាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការដឹកជញ្ជូន។ ដូច្នេះ មានតែហេតុផលនយោបាយមួយប៉ុណ្ណោះសម្រាប់ការរារាំងប្រតិបត្តិការរបស់វា»។
នៅពេលមុននេះ លោក អេសហ្ស៊ីជចាតូ បានចោទប្រកាន់លោក វ្ល៉ាឌីមៀ ហ្សេលេនស្គី (Vladimir Zelensky) ពីបទបញ្ជាឱ្យអ៊ុយក្រែនរារាំងការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសហុងគ្រីពីប្រទេសរុស្ស៊ីតាមរយៈបំពង់បង្ហូរប្រេង Druzhba ដើម្បីបង្កើតការលំបាកដល់រដ្ឋាភិបាលរបស់ប្រទេសនេះនៅពមុនពេលបោះឆ្នោតសភា។
កាលពីថ្ងៃទី១៣ ខែកុម្ភៈ ប្រភពជាច្រើននៅក្នុងឧស្សាហកម្មប្រេងបានប្រាប់ទីភ្នាក់ងារសារព័ត៌មានតាសស៍ (TASS) បាននិយាយថា ក្រុមហ៊ុន Ukrtransnafta ដែលផ្តល់ការដឹកជញ្ជូនប្រេងឆ្លងកាត់ទឹកដីអ៊ុយក្រែន បានត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តការដឹកជញ្ជូនប្រេងឡើងវិញតាមរយៈបំពង់បង្ហូរប្រេង Druzhba ទៅកាន់ប្រទេសហុងគ្រី និងស្លូវ៉ាគី ប៉ុន្តែការគ្រប់គ្រងរបស់ក្រុមហ៊ុននេះមិនបានផ្តល់ការអនុញ្ញាតឱ្យបន្តការដឹកជញ្ជូនឡើងវិញទេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





