ឥណ្ឌូណេស៊ីពង្រឹងភស្តុភារកម្មជាតិដើម្បីគាំទ្រកម្មវិធីអាហារូបត្ថម្ភ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ីកំពុងពង្រឹងប្រព័ន្ធដឹកជញ្ជូនជាតិរបស់ខ្លួន ដើម្បីគាំទ្រដល់កម្មវិធីអាហារបំប៉នឥតគិតថ្លៃ (MBG) ជាមួយនឹងការសម្ពោធ និងបើកការដ្ឋានសាងសង់អង្គភាពសេវាកម្មបំពេញអាហារូបត្ថម្ភ (SPPG) ចំនួន ១.១៧៩កន្លែង និងឃ្លាំងសន្តិសុខស្បៀងចំនួន ១៨កន្លែងកាលពីពេលថ្មីៗនេះ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍នោះ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានកត់សម្គាល់ថា កម្មវិធី MBG ត្រូវបានរចនាឡើងមិនត្រឹមតែដើម្បីកែលម្អកម្មវិធីអាហារូបត្ថម្ភ និងសុខភាពរបស់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីជំរុញកំណើនសេដ្ឋកិច្ចដោយបង្កើតឱកាសសម្រាប់កសិករ សហគ្រាសធុនតូច និងមធ្យម (SMEs) និងក្រុមដែលមានប្រាក់ចំណូលទាបផងដែរ។
រហូតមកដល់ពេលនេះ កម្មវិធីនេះបានទៅដល់អ្នកទទួលផលជាង ៦០លាននាក់នៅទូទាំងប្រទេស ដោយមានការគាំទ្រពីបណ្តាញអង្គភាព SPPG ប្រហែល ២៣.០០០កន្លែងនៅទូទាំងខេត្តចំនួន៣៨ របស់ប្រទេសឥណ្ឌូណេស៊ី។ បន្ថែមពីលើការកែលម្អលទ្ធផលអាហារូបត្ថម្ភ គំនិតផ្តួចផ្តើមនេះកំពុងជួយកាត់បន្ថយវិសមភាពសង្គម ជំរុញការប្រើប្រាស់គ្រួសារ និងពង្រឹងសុខុមាលភាពសង្គម។
បណ្តាញ SPPG ក៏កំពុងបង្កើតការងារផងដែរ ដោយអង្គភាពនីមួយៗមានសមត្ថភាពជួលកម្មកររហូតដល់ ៥០នាក់។ ស្ត្រីមេផ្ទះជាច្រើនដែលពីមុនគ្មានការងារធ្វើ ឥឡូវនេះមានប្រាក់ចំណូលស្ថិរភាព ខណៈដែលតម្រូវការត្រី ស៊ុត បសុបក្សី បន្លែ និងការផ្គត់ផ្គង់អាហារផ្សេងៗទៀតកំពុងគាំទ្រដល់កសិករខ្នាតតូច និងអាជីវកម្មក្នុងស្រុក។
រួមជាមួយនឹងកម្មវិធីអាហារូបត្ថម្ភ ប៉ូលិសជាតិឥណ្ឌូណេស៊ី (Polri) កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងភស្តុភារ និងការស្តុកទុកស្បៀងអាហារ។ នៅក្នុងឆ្នាំនេះ Polri មានគម្រោងសាងសង់ឃ្លាំងសន្តិសុខស្បៀងអាហារបន្ថែមចំនួន ១០ទៀត ដែលធ្វើឱ្យចំនួនសរុបនៅទូទាំងប្រទេសកើនដល់ ២៨កន្លែង ដែលឃ្លាំងនីមួយៗមានសមត្ថភាពផ្ទុកប្រហែល ១.០០០តោន។
លោក លីស្ទីយ៉ ប្រាបូវ៉ូ (Listyo Sigit Prabowo) មេបញ្ជាការ Polri បាននិយាយថា កម្លាំងបច្ចុប្បន្នកំពុងដំណើរការឃ្លាំងចំនួន១៨ នៅក្នុងតំបន់ចំនួន១២ និងកំពុងសាងសង់កន្លែងផ្ទុកទ្រង់ទ្រាយធំមួយដែលមានសមត្ថភាពផ្ទុកបាន ១០.០០០តោននៅក្នុងតំបន់ទីប្រជុំជនហ្សាកាតា៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





