សេដ្ឋកិច្ចម៉ាឡេស៊ីកើនឡើង ៥,២% ក្នុងមួយឆ្នាំនៅក្នុងឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ -- សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី បានកើនឡើង ៥,២% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងឆ្នាំ២០២៥ ជាមួយនឹងតម្រូវការក្នុងស្រុកដ៏រឹងមាំ និងការនាំចេញអំណោយផល ដែលលើសពីការព្យាករណ៍ជាផ្លូវការពី ៤-៤,៨%។ នេះបើយោងតាមធនាគារកណ្តាលរបស់ខ្លួនបានចេញផ្សាយកាលពីពេលថ្មីៗនេះ។
ធនាគារកណ្តាលម៉ាឡេស៊ី (BNM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សម្រាប់ត្រីមាសទីបួននៃឆ្នាំ២០២៥ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីបានកើនឡើង ៦,៣% ដែលជំរុញជាចម្បងដោយតម្រូវការក្នុងស្រុក។
យោងតាមធនាគារបានឱ្យដឹងថា កំណើននៃការចំណាយរបស់គ្រួសារ គឺខ្ពស់ជាង ដែលជំរុញដោយលក្ខខណ្ឌទីផ្សារការងារវិជ្ជមាន និងការគាំទ្រគោលនយោបាយទាក់ទងនឹងប្រាក់ចំណូល ខណៈដែលកំណើនវិនិយោគមានភាពរឹងមាំ ដែលគាំទ្រដោយការចំណាយទៅលើគ្រឿងចក្រ និងឧបករណ៍កាន់តែប្រសើរឡើង។
នៅក្នុងវិស័យខាងក្រៅ ការនាំចេញបានបន្តពង្រឹង ដែលនាំមុខជាចម្បងដោយការនាំចេញទំនិញអគ្គិសនី និងអេឡិចត្រូនិច (E&E) កាន់តែរឹងមាំ។
លោក អាប់ឌុល រ៉ាស៊ីដ ហ្កាហ្វហ្វួរ (Abdul Rasheed Ghaffour) អភិបាលធនាគារកណ្តាលម៉ាឡេស៊ី បាននិយាយថា សន្ទុះកំណើនត្រូវបានគេរំពឹងថានឹងបន្តនៅក្នុងឆ្នាំ២០២៦ ដែលគាំទ្រដោយតម្រូវការក្នុងស្រុក និងការនាំចេញដែលមានភាពធន់។
លោកបាននិយាយថា ការចំណាយរបស់គ្រួសារនឹងទទួលបានអត្ថប្រយោជន៍ពីការគាំទ្រជាបន្តបន្ទាប់ពីការងារ និងកំណើនប្រាក់ឈ្នួល ក៏ដូចជាវិធានការគោលនយោបាយរបស់រដ្ឋាភិបាលផងដែរ។
លោកបានកត់សម្គាល់ថា សកម្មភាពវិនិយោគនឹងត្រូវបានជំរុញដោយវឌ្ឍនភាពបន្ថែមទៀតនៃគម្រោងពហុឆ្នាំទាំងនៅក្នុងវិស័យឯកជន និងសាធារណៈ ជាមួយនឹងការសម្រេចបានជាបន្តបន្ទាប់នៃការវិនិយោគដែលត្រូវបានអនុម័ត និងការអនុវត្តគំនិតផ្តួចផ្តើមជំរុញសេដ្ឋកិច្ចក្រោមផែនការអភិវឌ្ឍជាតិ។
លោកបានបន្ថែមថា កំណើននាំចេញនឹងត្រូវបានគាំទ្រដោយតម្រូវការជាសកលដែលមានស្ថិរភាព ជាពិសេសសម្រាប់ទំនិញ E&E។
លោកបានបន្ថែមទៀតថា កំណើនក៏នឹងត្រូវបានគាំទ្រដោយសកម្មភាពទេសចរណ៍កើនឡើងផងដែរ បន្ទាប់ពីការចាប់ផ្តើមនៃឆ្នាំទស្សនាប្រទេសម៉ាឡេស៊ី ឆ្នាំ២០២៦៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





