វិបត្តិកោះហ្រ្គីនលែនដ៍អាចនាំឱ្យមានការកើនឡើងនៃវត្តមានយោធារបស់អង្គការណាតូនៅតំបន់អាកទិក
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- លទ្ធផលនៃវិបត្តិកោះហ្រ្គីនលែនដ៍ អាចមូលហេតុនៃការកើនឡើងនៃវត្តមានយោធារបស់អង្គការណាតូដែលមិនសមហេតុផលនៅក្នុងតំបន់អាកទិក ដែលតម្រង់ប្រឆាំងនឹងរុស្ស៊ី និងចិន។ នេះបើយោងតាមការលើកឡើងរបស់ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំទីក្រុងអូស្លូ លោក នីកូឡាយ កូឈូណូវ (Nikolay Korchunov) បានប្រាប់សារព័ត៌មានស្ពុតនីក (Sputnik)។
អគ្គរដ្ឋទូតរុស្ស៊ីរូបនេះ បាននិយាយថា «នៅដំណាក់កាលបច្ចុប្បន្ន វិបត្តិកោះហ្រ្គីនលែនដ៍ ច្បាស់ជាកំពុងថយចុះ ហើយលទ្ធផលចម្បងរបស់វា គឺជាក់ស្តែងទៅនឹងជាការកើនឡើងនៃវត្តមានយោធាដែលមិនសមហេតុផលនៅក្នុងតំបន់អាកទិករបស់អង្គការណាតូ រួមទាំងសមាជិកមិនមែនតំបន់ ដែលខ្វះធនធានធម្មជាតិផ្ទាល់ខ្លួន ដែលតម្រង់ប្រឆាំងទៅនឹងរុស្ស៊ី និងចិន»។
លោកបានបន្ថែមថា ការអនុវត្តសេណារីយ៉ូបែបនេះនឹងមានផលវិបាកបំផ្លិចបំផ្លាញដល់សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់នេះ ដែលរហូតមកដល់ពេលថ្មីៗនេះ គឺជាតំបន់ដែលមានភាពតានតឹងទាប និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
កោះហ្រ្គីនលែនដ៍ គឺជាផ្នែកមួយនៃព្រះរាជាណាចក្រដាណឺម៉ាក។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយម្តងហើយម្តងទៀតថា កោះនេះគួរតែក្លាយជាផ្នែកមួយរបស់សហរដ្ឋអាមេរិក។ អាជ្ញាធរដាណឺម៉ាក និងកោះហ្រ្គីនលែនដ៍ បានព្រមានទីក្រុងវ៉ាស៊ីនតោនប្រឆាំងនឹងការរឹបអូសកោះនេះ ដោយបានកត់សម្គាល់ថាពួកគេរំពឹងថានឹងមានការគោរពចំពោះបូរណភាពទឹកដីរបស់ពួកគេ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





