យន្តហោះចារកម្ម និងយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក ត្រូវបានឃើញហោះនៅជិតព្រំដែនអ៊ីរ៉ង់
AKP ភ្នំពេញ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមទិន្នន័យតាមដានការហោះហើរដែលត្រូវបានមើលឃើញដោយសារព័ត៌មានស្ពុតនីក(Sputnik) បានឱ្យដឹងថា យន្តហោះឈ្លបយកការណ៍ប្រឆាំងនាវាមុជទឹកBoeing P-8A Poseidon របស់សហរដ្ឋអាមេរិក និងយន្តហោះគ្មានមនុស្សបើកឃ្លាំមើល MQ-4C Triton ដែលផលិតដោយ Northrop Grumman ត្រូវបានឃើញហោះនៅជិតព្រំដែនអ៊ីរ៉ង់។
យន្តហោះ P-8A បានចាកចេញពីប្រទេសបារ៉ែន ហើយបានធ្វើសមយុទ្ធវិលជុំវិញច្រកសមុទ្រ Hormuz កាលពីថ្ងៃពុធ។ យន្តហោះ MQ-4C បានហោះចេញពីទីក្រុងអាប៊ូដាប៊ីក្នុងប្រទេសអេមីរ៉ាត់អារ៉ាប់រួម ហើយបានប្រតិបត្តិការលើឈូងសមុទ្រអូម៉ង់។
កាលពីខែមុន លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា«កងនាវាដ៏ធំមួយ» កំពុងធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសអ៊ីរ៉ង់ ដោយបានបន្ថែមថា លោកសង្ឃឹមថា ទីក្រុងតេអេរ៉ង់នឹងយល់ព្រមចរចា និងចុះហត្ថលេខាលើកិច្ចព្រមព្រៀង «យុត្តិធម៌ និងសមធម៌»។ មេដឹកនាំសហរដ្ឋអាមេរិករូបនេះបានរំលឹកថា កាលពីខែមិថុនា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានវាយប្រហាររោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ដែលជាផ្នែកមួយនៃប្រតិបត្តិការញញួរកណ្តាលអាធ្រាត។ លោកបាននិយាយថា ការវាយប្រហារលើកក្រោយនឹងកាន់តែអាក្រក់ជាងមុនទៅទៀត ហើយបានអំពាវនាវកុំឱ្យរឿងនោះកើតឡើង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





