សិង្ហបុរីតាមដានករណីឆ្លងមេរោគនីប៉ាហ៍នៅក្នុងប្រទេសបង់ក្លាដែស
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- ទីភ្នាក់ងារជំងឺឆ្លងសិង្ហបុរី (CDA) បាននិយាយថា ខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវករណីឆ្លងមេរោគនីប៉ាហ៍(Nipah) ដែលត្រូវបានរាយការណ៍នៅក្នុងស្រុកណៅហ្កន នៃតំបន់រ៉ាចស្សាហ៊ី នៅភាគពាយ័ព្យនៃប្រទេសបង់ក្លាដែស ដោយបានបន្ថែមថា មិនមានករណីណាមួយដែលទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសឥណ្ឌា និងបង់ក្លាដែស ត្រូវបានរកឃើញនៅក្នុងប្រទេសសិង្ហបុរីនៅឡើយទេ។
អង្គការសុខភាពពិភពលោក (WHO) បានប្រកាសនៅថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២៦ ថា ស្ត្រីម្នាក់បានស្លាប់នៅក្នុងខែមករា បន្ទាប់ពីឆ្លងមេរោគនីប៉ាហ៍។ស្រ្តីនោះត្រូវបានគេរាយការណ៍ថាបានទទួលទានទឹកត្នោតឆៅ ដែលជាប្រភពនៃការឆ្លងមេរោគដែលគេស្គាល់ថាមានហានិភ័យខ្ពស់។
ទីភ្នាក់ងារ CDA បានកត់សម្គាល់ថា មេរោគនីប៉ាហ៍ គឺជាជំងឺរាតត្បាតនៅក្នុងប្រទេសបង់ក្លាដែស ជាមួយនឹងការផ្ទុះឡើងតាមរដូវកាលម្តងហើយម្តងទៀត ដែលជារឿយៗត្រូវបានផ្សារភ្ជាប់ជាមួយនឹងការទទួលទានទឹកត្នោតឆៅដែលឆ្លងមេរោគពីសត្វប្រចៀវ។ បច្ចុប្បន្ននេះ មិនមានភស្តុតាងណាមួយដែលបង្ហាញថា ករណីនេះត្រូវបានផ្សារភ្ជាប់ទៅនឹងការឆ្លងមេរោគថ្មីៗដែលបានរាយការណ៍នៅក្នុងរដ្ឋបេងហ្កាល់ខាងលិចរបស់ប្រទេសឥណ្ឌាឬថាការឆ្លងពីមនុស្សទៅមនុស្សបានកើតឡើងនៅក្នុងប្រទេសបង់ក្លាដែសនោះទេ។ ទីភ្នាក់ងារនេះក៏បាននិយាយផងដែរថា មិនមានសញ្ញានៃការរីករាលដាលក្នុងសហគមន៍នៅក្នុងប្រទេសបង់ក្លាដែស ឬរដ្ឋបេងហ្កាល់ខាងលិចនោះទេ។
រហូតមកដល់បច្ចុប្បន្ន ប្រទេសសិង្ហបុរីមិនទាន់បានរកឃើញករណីឆ្លងមេរោគនីប៉ាហ៍ណាមួយ ដែលទាក់ទងនឹងស្ថានភាពនៅក្នុងប្រទេសបង់ក្លាដែស ឬឥណ្ឌានៅឡើយទេ។ ការឃ្លាំមើលបែបជីវសាស្រ្តជាបន្តបន្ទាប់ទៅលើសត្វប្រចៀវដែលបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១១ មក ក៏មិនបានរកឃើញភស្តុតាងណាមួយនៃមេរោគនីប៉ាហ៍នៅក្នុងប្រទេសនេះដែរ។
ប្រទេសសិង្ហបុរីបានបង្កើនវិធានការបង្ការជាបណ្តើរៗចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ ដែលរួមមានការទាមទារឱ្យគ្រូពេទ្យ និងមន្ទីរពិសោធន៍ជូនដំណឹងដល់ទីភ្នាក់ងារ CDA ជាបន្ទាន់អំពីករណីដែលបានបញ្ជាក់ ឬសង្ស័យ និងការណែនាំដល់គ្រូពេទ្យឱ្យប្រុងប្រយ័ត្នចំពោះអ្នកជំងឺដែលមានរោគសញ្ញានៃការឆ្លងមេរោគនីប៉ាហ៍ និងប្រវត្តិធ្វើដំណើរថ្មីៗទៅកាន់តំបន់ដែលរងផលប៉ះពាល់។
ការត្រួតពិនិត្យសីតុណ្ហភាពត្រូវបានអនុវត្តនៅចំណុចត្រួតពិនិត្យផ្លូវអាកាស និងផ្លូវសមុទ្រសម្រាប់អ្នកធ្វើដំណើរ ដែលមកពីតំបន់ដែលរងផលប៉ះពាល់នៅក្នុងប្រទេសឥណ្ឌា រួមជាមួយនឹងការចេញសេចក្តីណែនាំផ្នែកសុខភាព។ សេចក្តីប្រកាសសុខភាពពេលទៅដល់របស់ប្រទេសសិង្ហបុរីក៏ត្រូវបានធ្វើបច្ចុប្បន្នភាព ដើម្បីរួមបញ្ចូលនូវមេរោគនីប៉ាហ៍ផងដែរ ខណៈដែលការឃ្លាំមើលពលករចំណាកស្រុក ដែលទើបទៅដល់ថ្មីពីតំបន់អាស៊ីខាងត្បូងត្រូវបានពង្រឹង។
ថ្មីៗនេះ ទីភ្នាក់ងារ CDA បានបញ្ជាក់សារជាថ្មីនូវដំបូន្មានធ្វើដំណើររបស់ខ្លួន ដោយជំរុញឱ្យអ្នកដែលបានទស្សនានៅតំបន់ដែលរងផលប៉ះពាល់ជៀសវាងអាហារ និងភេសជ្ជៈដែលអាចមានមេរោគដោយសត្វប្រចៀវដូចជាទឹកត្នោតឆៅ និងផ្លែឈើដែលធ្លាក់ទៅលើដី។ អ្នកធ្វើដំណើរក៏ត្រូវបានណែនាំឱ្យជៀសវាងការប៉ះពាល់ដោយផ្ទាល់ជាមួយបុគ្គល និងសត្វឈឺជាពិសេសសត្វប្រចៀវ និងជ្រូក ក៏ដូចជាតំបន់ដែលមានសត្វប្រចៀវរស់នៅ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





