ឥណ្ឌា និងម៉ាឡេស៊ី ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌា និងម៉ាឡេស៊ីបានពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើនក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី(Narendra Modi) ទៅកាន់ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី០៧-០៨ ខែកុម្ភៈ ឆ្នាំ២០២៦។
លោកនាយករដ្ឋមន្ត្រី ម៉ូឌី និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខា និងផ្លាស់ប្តូរអនុស្សរណៈយោគយល់គ្នា និងឯកសារសហប្រតិបត្តិការចំនួន១១ ដែលផ្តល់នូវសន្ទុះថ្មីសម្រាប់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលបានបង្កើតឡើងនៅក្នុងខែសីហា ឆ្នាំ២០២៤។
កិច្ចព្រមព្រៀងទាំងនេះឆ្លុះបញ្ចាំងពីកិច្ចសហប្រតិបត្តិការ ដែលបានពង្រីកលើសពីពាណិជ្ជកម្មជាប្រពៃណីទៅក្នុងវិស័យសំខាន់ៗដូចជាវិស័យការពារជាតិ និងសន្តិសុខ ការប្រឆាំងភេរវកម្ម ការចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ សន្តិសុខដែនសមុទ្រ ថាមពល ឧបករណ៍អេឡិចត្រូនិកបញ្ញាសិប្បនិម្មិត សេដ្ឋកិច្ចឌីជីថល ការទូទាត់ឌីជីថលឆ្លងដែន ការថែទាំសុខភាព សន្តិសុខស្បៀង ការអប់រំ ព្រមទាំងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។
ក្នុងវិស័យការពារជាតិ និងសន្តិសុខ ភាគីទាំងពីរបានព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងតាមរយៈយន្តការដែលមានស្រាប់ រួមទាំងគណៈកម្មាធិការសហប្រតិបត្តិការការពារជាតិម៉ាឡេស៊ី-ឥណ្ឌាក្រុមការងារកិច្ចការយុទ្ធសាស្ត្រ និងវេទិកា Su-30 ខណៈដែលពង្រីកសមយុទ្ធរួមគ្នា ការផ្លាស់ប្ដូរកងទ័ពជើងទឹក ការបណ្តុះបណ្តាល និងកិច្ចសហការឧស្សាហកម្មការពារជាតិ។ ប្រទេសទាំងពីរក៏បានបញ្ជាក់សារជាថ្មីនូវការសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងក្របខ័ណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM+) និងជាសហប្រធានក្រុមការងារប្រឆាំងភេរវកម្មសម្រាប់ឆ្នាំ២០២៤-២០២៧។
លោកនាយករដ្ឋមន្ត្រី ម៉ូឌី បានអបអរសាទរប្រទេសម៉ាឡេស៊ីចំពោះភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២៥ កន្លងមក។ មេដឹកនាំទាំងពីរបានបញ្ជាក់សារជាថ្មីនូវការគាំទ្រយ៉ាងខ្លាំងចំពោះការឯកភាព និងភាពជាមជ្ឈមណ្ឌលរបស់អាស៊ាន និងបានសន្យាថានឹងពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងឥណ្ឌា។
នៅក្នុងសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ ភាគីទាំងពីរបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តចំពោះតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានសេរីភាព បើកចំហផ្អែកលើច្បាប់ សន្តិភាព និងវិបុលភាព។ ពួកគេស្វាគមន៍ចំពោះការសម្របសម្រួលកាន់តែប្រសើរឡើងរវាងទស្សនវិស័យអាស៊ាន ស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងគំនិតផ្តួចផ្តើមមហាសមុទ្រឥណ្ឌូ-ប៉ាស៊ីហ្វិក(IPOI) របស់ឥណ្ឌា។
ពួកគេក៏បានបញ្ជាក់ជាថ្មីនូវការគោរពចំពោះសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរ និងបានសង្កត់ធ្ងន់ទៅលើការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។
កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងបច្ចេកវិទ្យា នឹងផ្តោតសំខាន់ទៅលើឧបករណ៍អេឡិចត្រូនិកជាសសរស្តម្ភយុទ្ធសាស្ត្រថ្មី ដោយភ្ជាប់ចំណុចខ្លាំងរបស់ឥណ្ឌាក្នុងការរចនា និងធនធានមនុស្សជាមួយនឹងសមត្ថភាពរបស់ប្រទេសម៉ាឡេស៊ីក្នុងការផលិត ការផ្គុំ និងការវេចខ្ចប់ ខណៈដែលលើកកម្ពស់នវានុវត្តន៍ ការអភិវឌ្ឍកម្លាំងពលកម្ម និងភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់។
កិច្ចសហប្រតិបត្តិការថាមពល នឹងផ្តល់អាទិភាពដល់ថាមពលកកើតឡើងវិញ ថាមពលព្រះអាទិត្យ និងថាមពលអ៊ីដ្រូសែនបៃតង ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេចំពោះគោលដៅសូន្យសុទ្ធ និងទទួលស្គាល់នូវតួនាទីរបស់ប្រទេសម៉ាឡេស៊ីនៅក្នុងគម្រោងថាមពលស្អាតនៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមសម្ព័ន្ធភាពថាមពលពន្លឺព្រះអាទិត្យអន្តរជាតិរបស់ប្រទេសឥណ្ឌា។
កិច្ចព្រមព្រៀងបន្ថែម ស្តីពីការប្រឆាំងអំពើពុករលួយ ការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខសង្គម កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ និងកិច្ចសហប្រតិបត្តិការសិក្សា ត្រូវបានគេរំពឹងថានឹងធ្វើឱ្យចំណងមិត្តភាពទ្វេភាគីកាន់តែស៊ីជម្រៅជាមួយនឹងផលប្រយោជន៍ជាក់ស្តែងរបស់ធុរកិច្ច និងប្រជាពលរដ្ឋ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





