រដ្ឋមន្ត្រីការបរទេសចិន និងនីហ្សេរីយ៉ា ផ្លាស់ប្ដូរសារអបអរសាទរខួបលើកទី៥៥ នៃចំណងមិត្តភាព
AKP ភ្នំពេញ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិន លោកវ៉ាង យី (Wang Yi) កាលពីថ្ងៃអង្គារ បានផ្លាស់ប្តូរការអបអរសាទរជាមួយសមភាគីនីហ្សេរីយ៉ា លោក យូសូហ្វ ម៉ៃតាម៉ា ទូកហ្គារ (Yusuf Maitama Tuggar) ក្នុងឱកាសខួបលើកទី៥៥ នៃចំណងការទូតរវាងប្រទេសទាំងពីរ។
នៅក្នុងសាររបស់លោក លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បាននិយាយថាចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតកាលពី៥៥ ឆ្នាំមុន ដោយមិនគិតពីការប្រែប្រួលនៃស្ថានភាពអន្តរជាតិ ប្រទេសចិន និងនីហ្សេរីយ៉ា បានគាំទ្រគ្នាទៅវិញទៅមកយ៉ាងជាប់លាប់ និងឈានទៅមុខជាមួយគ្នា ដោយមិត្តភាពលើសពីភ្នំ និងមហាសមុទ្រ និងចាក់ឫសយ៉ាងជ្រៅនៅក្នុងចិត្តរបស់ប្រជាជនទាំងពីរ។
ជាពិសេស លោកបានកត់សម្គាល់ថា ចាប់តាំងពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយក្នុងឆ្នាំ២០២៤ ភាគីទាំងពីរបានពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ ទទួលបានលទ្ធផលផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងសម្របសម្រួលយ៉ាងជិតស្និទ្ធលើកិច្ចការអន្តរជាតិ និងតំបន់។
លោក វ៉ាង បានសម្តែងឆន្ទៈក្នុងការធ្វើការជាមួយលោក ទូកហ្គា ដើម្បីពង្រឹងការផ្លាស់ប្តូររវាងក្រសួងការបរទេស ប្រើប្រាស់យន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលចិន-នីហ្សេរីយ៉ា និងយកការអនុវត្តការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ និងលទ្ធផលនៃកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក ជាឱកាសមួយដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយទ្វេភាគី។
លោក ទូកហ្គា បានមានប្រសាសន៍ថា ចាប់តាំងពីការបង្កើតទំនាក់ទំនងការទូតមក ប្រទេសនីហ្សេរីយ៉ា និងចិន បានរក្សាទំនាក់ទំនងមិត្តភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដោយមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅក្នុងវិស័យផ្សេងៗ។
លោក ទូកហ្គា បានមានប្រសាសន៍ថា ប្រទេសនីហ្សេរីយ៉ាចាត់ទុកប្រទេសចិនជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយ ហើយកំពុងជំរុញការផ្លាស់ប្តូរទ្វេភាគីយ៉ាងរឹងមាំ ខណៈពេលដែលកំពុងស្វែងយល់ពីវិស័យសហប្រតិបត្តិការថ្មីៗ ដើម្បីឱ្យស្របទៅនឹងគោលបំណងគោលនយោបាយការបរទេសរបស់ប្រទេសទាំងពីរ និងលើកកម្ពស់ការអភិវឌ្ឍទំនាក់ទំនងនីហ្សេរីយ៉ា-ចិនដោយលោកបានបន្ថែមថា នេះស្របនឹងរបៀបវារៈនៃក្តីសង្ឃឹមឡើងវិញរបស់ប្រធានាធិបតីនីហ្សេរីយ៉ា លោក បូឡា ទីនូប៊ូ (Bola Tinubu) និងបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រទូលំទូលាយរបស់ពួកគេ និងសម្រេចបាននូវលទ្ធផលដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
លោក ទូកហ្គា បានមានប្រសាសន៍ថា លោកទន្ទឹងរង់ចាំការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់រវាងប្រទេសទាំងពីរ ដើម្បីធានាថាលទ្ធផលនៃកិច្ចសហប្រតិបត្តិការបែបនេះនឹងផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជាជនទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





