ស្លាប់ ៥នាក់ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភាគអាគ្នេយ៍ប្រទេសលីប៊ី
AKP ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ -- យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ Al-Ahrar របស់លីប៊ី បានឱ្យដឹងថា មនុស្ស ៥នាក់បានស្លាប់កាលពីថ្ងៃចន្ទ នៅពេលដែលឧទ្ធម្ភាគចក្រមួយគ្រឿងបានធ្លាក់នៅមូលដ្ឋានទ័ពអាកាស Al-Sarra ក្នុងទីក្រុងគូហ្វ្រា ភាគអាគ្នេយ៍ប្រទេសលីប៊ី។
យោងតាមការចុះផ្សាយរបស់ប៉ុស្តិ៍ទូរទស្សន៍នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដោយដកស្រង់ប្រភពមួយពីទីក្រុងគូហ្វ្រា បានឱ្យដឹងថា ឧទ្ធម្ភាគចក្រនេះកំពុងដឹកមន្ដ្រីយោធា ២នាក់ និងអ្នកអមដំណើរផ្នែកវេជ្ជសាស្ត្រម្នាក់ បន្ថែមពីលើជនបរទេស ២នាក់។
ទូរទស្សន៍នេះបាននិយាយថា ឧទ្ធម្ភាគចក្របានបំពេញបេសកកម្មជម្លៀសទាហានម្នាក់ដែលរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍នៅវាលខ្សាច់ មុនពេលវាធ្លាក់នៅក្នុងមូលដ្ឋាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





