ប្រធានាធិបតីអ៊ីរ៉ង់៖ កិច្ចចរចាជាមួយសហរដ្ឋអាមេរិកឈានទៅមុខមួយជំហានទៀត
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេសគីអាន់ (Masoud Pezeshkian) កាលពីថ្ងៃអាទិត្យបានពិពណ៌នាអំពីកិច្ចចរចានុយក្លេអ៊ែររវាងប្រទេសរបស់លោក និងសហរដ្ឋអាមេរិកថា ជាជំហានមួយទៅមុខឆ្ពោះទៅមុខ។
លោកបានធ្វើអត្ថាធិប្បាយដូចនេះនៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គមអ៊ិច ដោយបានបញ្ជាក់ពីកិច្ចចរចាដោយប្រយោលរវាងគណៈប្រតិភូអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកនៅទីក្រុងមូស្កេត រដ្ឋធានីរបស់ប្រទេសអូម៉ង់ កាលពីថ្ងៃសុក្រសប្តាហ៍មុន។
លោក ប៉េហ្សេសគីអាន់ បាននិយាយថា កិច្ចពិភាក្សានោះបានកើតឡើងជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងតាមដានដោយរដ្ឋាភិបាល«មិត្តភាព» នៅក្នុងតំបន់អាស៊ីខាងលិច ដោយលោកបានសង្កត់ធ្ងន់ថា កិច្ចសន្ទនាតែងតែជាយុទ្ធសាស្ត្រដែលបានជ្រើសរើសរបស់អ៊ីរ៉ង់សម្រាប់ដោះស្រាយបញ្ហាដោយសន្តិវិធី។
ទន្ទឹមនឹងនេះដែរ ថ្លែងនៅក្នុងសន្និសីទជាតិមួយនៅរដ្ឋធានីតេអេរ៉ង់របស់ប្រទេសអ៊ីរ៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក សេយ៉េដ អាបាស អារ៉ាកឈី (Seyed Abbas Araghchi) ដែលបានដឹកនាំគណៈប្រតិភូរបស់ប្រទេសអ៊ីរ៉ង់នៅក្នុងកិច្ចចរចាកាលពីថ្ងៃសុក្រនោះ បាននិយាយថា «គ្មាននរណាម្នាក់អាចប្រាប់យើងពីអ្វីដែលត្រូវមាន និងអ្វីដែលមិនគួរមាននោះទេ»។
លោកបានធានាថា អ៊ីរ៉ង់មិនមានបំណងចង់បន្តអាវុធនុយក្លេអ៊ែរទេខណៈដែលបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះទម្រង់នៃការគំរាមកំហែងណាមួយ។
លោក អារ៉ាកឈី បាននិយាយថា «ប្រសិនបើពួកគេនិយាយទៅកាន់ប្រជាជនអ៊ីរ៉ង់ដោយប្រើភាសានៃកម្លាំង យើងនឹងឆ្លើយតបទៅពួកគេវិញដោយភាសាដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើពួកគេនិយាយមកកាន់យើងដោយប្រើភាសានៃការគោរព ការឆ្លើយតបទៅកាន់ពួកគេវិញក៏នឹងត្រូវបានផ្តល់ឱ្យដោយភាសាដូចគ្នា»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ឆាយណាដេលី)





