សិង្ហបុរីនឹងដាក់ឱ្យដំណើរការគំរូដឹកជញ្ជូនអ្នកដំណើរថ្មីទៅកាន់ឥណ្ឌូណេស៊ី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ -- នៅឆមាសទីពីរនៃឆ្នាំនេះប្រទេសសិង្ហបុរីអាចនឹងដាក់ឱ្យដំណើរការយានជំនិះ AirFish ដែលជានាវាដែលមានរូបរាងដូចយន្តហោះ ដែលអាចអណ្តែតលើផ្ទៃទឹកបាន។
ព័ត៌មាននេះត្រូវបានបង្ហាញដោយក្រុមបច្ចេកវិទ្យា និងវិស្វកម្មរបស់ប្រទេសសិង្ហបុរី ST Engineering នៅក្នុងពិធីបើកកម្មវិធីតាំងពិព័រណ៍យន្តហោះសិង្ហបុរី កាលពីពេលថ្មីៗនេះ។
ក្រុមនេះបាននិយាយថា ការបណ្តាក់ទុនរួមគ្នារបស់ខ្លួនជាមួយក្រុមហ៊ុនPeluca ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី ដែលត្រូវបានគេស្គាល់ថាST Engineering AirX នឹងសហការជាមួយប្រតិបត្តិករសាឡាងBatamFast នឹងដាក់ឱ្យដំណើរការសេវាកម្មអ្នកដំណើរដោយប្រើប្រាស់យានជំនិះ AirFish Voyager ពីស្ថានីយ៍សាឡាងតាណាមេរ៉ាក្នុងប្រទេសសិង្ហបុរីទៅកាន់ទីក្រុងបាតាំប្រទេសឥណ្ឌូណេស៊ី។
បច្ចុប្បន្ន BatamFast ដំណើរការសាឡាងចំនួន ១៨ជើងជារៀងរាល់ថ្ងៃ ពីស្ថានីយសាឡាងតាណាមេរ៉ា និងស្ថានីយកំពង់ផែខាងមុខនៅក្នុងប្រទេសសិង្ហបុរី ទៅកាន់ស្ថានីយបាតាំរបស់ប្រទេសឥណ្ឌូណេស៊ីហើយនិងដាក់ឱ្យដំណើរការយានជំនិះ AirFish Voyager នៅលើផ្លូវនេះដោយពេលវេលាប្រតិបត្តិការត្រូវទទួលបានការយល់ព្រមពីអាជ្ញាធរនិយតកម្មជាមុនសិន។
យានជំនិះ AirFish Voyager ដែលត្រូវបានរចនាឡើងដើម្បីដឹកអ្នកដំណើរចំនួនប្រាំបីនាក់ និងសមាជិកនាវិកពីរនាក់ កំពុងត្រូវបានដំឡើងនៅក្នុងប្រទេសសិង្ហបុរី។
ដោយមានប្រវែង ១៧ម៉ែត្រ និងទទឹង ១៥ម៉ែត្រ ជាយានជំនិះមានស្លាបនេះ ដំណើរការលើគោលការណ៍នៃឥទ្ធិពលដី ដែលអនុញ្ញាតឱ្យវារអិលពីលើផ្ទៃទឹក។ យានជំនិះ AirFish Voyager អាចធ្វើដំណើរក្នុងល្បឿនរហូតដល់ប្រហែល ១៨៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលលឿនជាងសាឡាងសមុទ្រធម្មតា ដែលជាធម្មតាដំណើរការក្នុងល្បឿនប្រហែល ៥៥គីឡូម៉ែត្រក្នុងមួយម៉ោង។ វាអាចគ្របដណ្តប់ចម្ងាយផ្លូវរហូតដល់ ៣០០ម៉ាយល៍លើសមុទ្រ។
ចាប់តាំងពីឆ្នាំ ២០២៤ មក ក្រុមហ៊ុន ST Engineering AirX បានធ្វើការងារជាមួយ Bureau Veritas ដែលជាអ្នកផ្តល់ការធ្វើតេស្ត ការត្រួតពិនិត្យ និងវិញ្ញាបនបត្រទៅលើចំណាត់ថ្នាក់ និងវិញ្ញាបនបត្រនៃយានជំនិះ AirFish។ វាត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ជាក់នៅពាក់កណ្តាលឆ្នាំ ២០២៦ នេះ៕





