លោក ពូទីន បញ្ជាក់សារជាថ្មីថា រុស្ស៊ីជាប្រទេសផ្គត់ផ្គង់ថាមពលឈានមុខគេរបស់ចិន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានបញ្ជាក់សារជាថ្មីក្នុងអំឡុងពេលនៃកិច្ចពិភាក្សាតាមវីដេអូជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង (Xi Jinping) ថា ប្រទេសរុស្ស៊ីជាប់ចំណាត់ថ្នាក់លេខមួយជានិច្ចក្នុងការផ្គត់ផ្គង់ថាមពលដល់ប្រទេសចិន។
មេដឹកនាំរុស្ស៊ីរូបនេះបានកត់សម្គាល់ថា «ប្រទេសរុស្ស៊ី គឺជាអ្នកផ្គត់ផ្គង់ថាមពលឈានមុខគេដល់ប្រទេសចិន ហើយភាពជាដៃគូថាមពលរបស់យើង គឺផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងជាយុទ្ធសាស្ត្រពិតប្រាកដ»។
លោក ពូទីន បានបន្ថែមថា «យើងកំពុងធ្វើកិច្ចសន្ទនាយ៉ាងសកម្មទៅលើថាមពលនុយក្លេអ៊ែរដោយសន្តិវិធី និងការជំរុញគម្រោងបច្ចេកវិទ្យាខ្ពស់ រួមទាំងឧស្សាហកម្ម និងការរុករកអវកាស។ កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មក៏កំពុងពង្រីកយ៉ាងឆាប់រហ័សផងដែរ។ យោងតាមទិន្នន័យរបស់យើង បានឱ្យដឹងថា បរិមាណពាណិជ្ជកម្មកសិកម្មបានកើនឡើងជាង២០%»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





