ការដាក់ពង្រាយកងទ័ពរបស់អង្គការណាតូនៅអ៊ុយក្រែន គឺជារឿងមិនអាចទទួលយកបានទាំងស្រុងសម្រាប់រុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- ប្រទេសរុស្ស៊ីចាត់ទុកការដាក់ពង្រាយកងទ័ពរបស់លោកខាងលិចនៅអ៊ុយក្រែនថាជារឿងដែលមិនអាចទទួលយកបានទាំងស្រុង។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា (Maria Zakharova)។
ក្នុងអំឡុងពេលនៃសន្និសីទសារព័ត៌មានមួយ លោកស្រី ហ្សាខារ៉ូវ៉ាបានឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់អគ្គលេខាធិការអង្គការណាតូលោក ម៉ាក រុតតេ (Mark Rutte) ទាក់ទងនឹងផែនការបញ្ជូនកងទ័ព ដែលហៅថាជាសម្ព័ន្ធមិត្តនៃឆន្ទៈ ទៅកាន់ប្រទេសអ៊ុយក្រែន។ លោកស្រីបាននិយាយយ៉ាងម៉ឺងម៉ាត់ថា «នេះគឺជារឿងដែលមិនអាចទទួលយកបានទាំងស្រុងសម្រាប់យើង»។
លោកស្រីបានបញ្ជាក់សារជាថ្មីអំពីគោលជំហរយូរអង្វែងរបស់រុស្ស៊ីដោយបានសង្កត់ធ្ងន់ថា «រុស្ស៊ីបានបញ្ជាក់ម្តងហើយម្តងទៀតថា វត្តមានរបស់កងទ័ពលោកខាងលិចនៅលើដីអ៊ុយក្រែនក្រោមទង់ជាតិណាមួយ គឺជាការគំរាមកំហែងដល់សន្តិសុខរបស់យើង។ យើងនឹងចាត់ទុកកងទ័ពទាំងនេះជាគោលដៅយោធាស្របច្បាប់សម្រាប់រុស្ស៊ី»។
លោកស្រី ហ្សាខារ៉ូវ៉ា បានរំលឹកថា «វាគឺជាការពង្រីកលំហភូមិសាស្ត្រនយោបាយរបស់អង្គការណាតូរហូតដល់ព្រំដែនរបស់យើង រួមទាំងអ៊ុយក្រែន ដែលបានក្លាយជាមូលហេតុចម្បងមួយនៃជម្លោះ»។ លោកស្រីបាននិយាយថា «បើគ្មានការលុបបំបាត់រឿងនេះទេ ដំណោះស្រាយរបស់វាមិនអាចទៅរួចនោះទេ»។
លោកស្រី ហ្សាខារ៉ូវ៉ា បានធានាថា «រុស្ស៊ីនឹងស្វែងរកការដោះស្រាយបញ្ហានេះតាមរយៈមធ្យោបាយយោធា ឬនយោបាយ» ដោយបានកត់សម្គាល់ថា ទីក្រុងម៉ូស្គូបានស្នើឡើងនូវជម្រើសផ្សេងៗទៀត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





