អូម៉ង់នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចចរចាអ៊ីរ៉ង់-សហរដ្ឋអាមេរិកនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ ស្អែកនេះ
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៦ -- សារព័ត៌មាន ISNA បានរាយការណ៍ថា កិច្ចចរចារវាងទីក្រុងតេអេរ៉ង់ និងទីក្រុងវ៉ាស៊ីនតោន ស្តីពីកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ត្រូវបានគ្រោងធ្វើនៅថ្ងៃសុក្រស្អែកនេះ នៅក្នុងប្រទេសអូម៉ង់ ហើយនឹងមានការអញ្ជើញចូលរួមពីរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក អាបាស់ អារ៉ាកឈី (Abbas Araghchi) និងបេសកជនពិសេសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ស្ទីវ វីតកូហ្វ (Steve Witkoff)។
យោងតាមទីភ្នាក់ងារសារព័ត៌មាននោះ បានឱ្យដឹងថា កិច្ចចរចានេះនឹងធ្វើឡើងតាមរបៀបដូចគ្នានឹងឆ្នាំមុន នៅពេលដែលភាគីទាំងពីរបានធ្វើការពិភាក្សាដោយប្រយោល ដែលសម្របសម្រួលដោយទីក្រុងមូស្កេត។សារព័ត៌មាននេះក៏បាននិយាយផងដែរថា សហគ្រិន លោក ចារ៉េដ គូស្ន័រ(Jared Kushner) អាចនឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះដែរ។
នៅក្នុងឆ្នាំ២០២៥ កិច្ចចរចាចំនួនប្រាំជុំរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ស្តីពីបញ្ហានុយក្លេអ៊ែរ បានបញ្ចប់ដោយគ្មានលទ្ធផល បន្ទាប់ពីអ៊ីស្រាអែលបានបើកប្រតិបត្តិការយោធាប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមនេះ ហើយសហរដ្ឋអាមេរិកបានធ្វើការវាយប្រហារតាមអាកាសទៅលើរោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែមិថុនាកន្លងទៅ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





