នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកៃជិ សន្ទនាតាមទូរសព្ទជាមួយលោក ត្រាំ ក្នុងពេលដែលកំពុងមានជម្លោះជាមួយចិន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអេ តាកៃជិ (Sanae Takaichi) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានពិភាក្សាគ្នាតាមទូរស័ព្ទកាលពីថ្ងៃអង្គារ ដែលជាកិច្ចពិភាក្សាលើកដំបូងរបស់ពួកគេចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុនបានបង្កឱ្យមានការប៉ះទង្គិចគ្នាខាងការទូតដ៏សំខាន់ជាមួយទីក្រុងប៉េកាំង ជុំវិញការកត់សម្គាល់របស់លោកស្រីចំពោះបញ្ហាកោះតៃវ៉ាន់។ ការឆ្លើយតបរបស់លោកស្រី តាកៃជិ ចំពោះសំណួរមួយនៅក្នុងសភាជាតិជប៉ុនកាលពីដើមខែនេះ ត្រូវបានចាត់ទុកថាជាការវាយប្រហារដោយសម្មតិកម្មរបស់ចិនទៅលើកោះតៃវ៉ាន់ ដែលអាចបង្កឱ្យមានការឆ្លើយតបខាងយោធារបស់ជប៉ុន ដោយបានជំរុញឱ្យមានការឆ្លើយតបយ៉ាងខ្លាំងក្លាពីទីក្រុងប៉េកាំង ដែលរួមមានការធ្វើពហិការទៅលើការធ្វើដំណើរទៅកាន់ប្រទេសជប៉ុនផងដែរ។
ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយមិនបានច្រានចោលការប្រើប្រាស់កម្លាំងដើម្បីគ្រប់គ្រងវាទេ។ រដ្ឋាភិបាលកោះនេះបដិសេធការអះអាងរបស់ទីក្រុងប៉េកាំង ហើយបាននិយាយថា មានតែប្រជាជនតៃវ៉ាន់ទេដែលអាចសម្រេចចិត្តអំពីអនាគតរបស់ពួកគេ។ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានប្រាប់លោក ត្រាំ នៅក្នុងការជជែកគ្នាតាមទូរស័ព្ទមួយកាលពីថ្ងៃចន្ទថា «ការវិលត្រឡប់ទៅកាន់ប្រទេសចិនវិញ» របស់កោះតៃវ៉ាន់ គឺជាផ្នែកដ៏សំខាន់មួយនៃចក្ខុវិស័យរបស់ទីក្រុងប៉េកាំងសម្រាប់សណ្តាប់ធ្នាប់ពិភពលោក។ នៅក្នុងការបង្ហោះមួយនៅលើបណ្តាញសង្គម Truth Social បន្ទាប់ពីការជជែកតាមទូរស័ព្ទរបស់លោកជាមួយមេដឹកនាំចិន លោក ត្រាំ បានអួតអាងអំពីវឌ្ឍនភាពក្នុងកិច្ចចរចាពាណិជ្ជកម្ម ប៉ុន្តែមិនបានលើកឡើងអំពីការពិភាក្សាអំពីបញ្ហាកោះតៃវ៉ាន់ជាមួយលោក ស៊ី ទេ។
លោកស្រី តាកៃជិ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការពិភាក្សាតាមទូរស័ព្ទរបស់លោកស្រីជាមួយលោក ត្រាំ កាលពីថ្ងៃអង្គារថា «លោកប្រធានាធិបតី ត្រាំ បានពន្យល់សង្ខេបអំពីស្ថានភាពថ្មីៗនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន» ដោយបានបដិសេធមិននិយាយលម្អិតបន្ថែមទៀត។ លោកស្រីបានបន្ថែមថា «លោកប្រធានាធិបតី ត្រាំ បានលើកឡើងថា លោក និងខ្ញុំគឺជាមិត្តល្អនឹងគ្នាខ្លាំងណាស់ ហើយលោកនឹងរីករាយក្នុងការទទួលការហៅទូរស័ព្ទពីខ្ញុំនៅពេលណាក៏បាន»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





