ឥណ្ឌូណេស៊ីព្រមានពីការផ្ទុះឡើងនៃជំងឺកញ្ជ្រឹលដែលកំពុងឆ្លងរាលដាលខ្លាំង
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ -- ប្រទេសឥណ្ឌូណេស៊ីបានចេញការព្រមានអំពីការរីករាលដាលយ៉ាងឆាប់រហ័សនៃជំងឺកញ្ជ្រឹល ដោយបានពណ៌នាថា វាជាជំងឺឆ្លងដ៏គ្រោះថ្នាក់បំផុតមួយនៅទូទាំងពិភពលោកដោយអត្រាឆ្លងលើសពីអត្រាឆ្លងនៃជំងឺកូវីដ-១៩ ខណៈដែលប្រទេសនេះកំពុងប្រឈមមុខនឹងការផ្ទុះឡើងដ៏ធំមួយ ដោយមានករណីសង្ស័យជិត៣.០០០ករណី និងក្រុមឆ្លងចំនួន៥៨។
ថ្លែងនៅក្នុងកិច្ចប្រជុំជាមួយគណៈកម្មការទី៩ នៃសភាតំណាងរាស្ត្រនៅអគារសភាក្នុងទីក្រុងហ្សាការតា កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក ប៊ូឌី គូណាឌី សាឌីគីន (Budi Gunadi Sadikin) បាននិយាយថា មនុស្សម្នាក់ដែលឆ្លងជំងឺកញ្ជ្រឹលអាចចម្លងមេរោគនេះទៅមនុស្សរហូតដល់ ១៨នាក់ផ្សេងទៀត។ ជាមួយនឹងជំងឺកូវីដ-១៩ ដំបូងឡើយ មនុស្សម្នាក់អាចឆ្លងដល់មនុស្សត្រឹមតែពី ៣នាក់ទៅ៤នាក់ ដោយក្នុងអំឡុងពេលនៃការរាលដាលប្រភេទអូមីក្រុង ក៏ជំងឺកូវីដ-១៩ អាចចម្លងដល់មនុស្សត្រឹម ៨នាក់ប៉ុណ្ណោះ ប៉ុន្តែជាមួយនឹងជំងឺកញ្ជ្រឹលមនុស្សម្នាក់អាចចម្លងដល់ ១៨នាក់ ឬជាមធ្យមប្រហែល ១៥នាក់ ដែលធ្វើឱ្យវាក្លាយជាជំងឺឆ្លងបំផុតមួយនៅក្នុងពិភពលោក។
ទោះបីជាមានការឆ្លងខ្ពស់ក៏ដោយ ក៏លោក ប៊ូឌី បានកត់សម្គាល់ថា ជំងឺកញ្ជ្រឹលជាទូទៅមិនសូវមានគ្រោះថ្នាក់ដល់ជីវិតទេ។ ការស្លាប់ជាធម្មតាកើតឡើងនៅពេលដែលការឆ្លងមេរោគត្រូវបានអមដោយផលវិបាកផ្សេងៗ ដូចជាជំងឺរលាកសួត រលាកស្រោមខួរក្បាល ឬស្ថានភាពធ្ងន់ធ្ងរផ្សេងទៀតជាដើម។
លោកបានបន្ថែមថា ការចម្លងជំងឺកញ្ជ្រឹលមានទំនោរកើនឡើងក្នុងអំឡុងពេលនៃការចល័តខ្ពស់ ឬការផ្លាស់ប្តូរតាមរដូវ ដូចជាថ្ងៃឈប់សម្រាក និងការសម្រាកពីសាលារៀន។ នៅប្រទេសឥណ្ឌូណេស៊ី ការកើនឡើងយ៉ាងខ្លាំងត្រូវបានកត់ត្រានៅដើមឆ្នាំ២០២៦ ដោយមានករណីសង្ស័យប្រហែល ២.៩៣០ករណីត្រូវបានរាយការណ៍នៅទូទាំង ៣៩ខេត្តនិងទីក្រុង៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





