លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយស្រ្តីងាយរងគ្រោះនៅស្រុកត្បូងឃ្មុំ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥-- លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ រួមជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកស្រី សានដ្រា ប៊ីនក្លាវ តំណាងអង្គការយូអិនអេហ្វភីអេ (UNFPA) បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយស្រ្តីងាយរងគ្រោះចំនួន១៩៩នាក់ ក្នុងនោះមានស្រ្តីជាប់ឃុំនៅពន្ធនាគារមាត់ឃ្មង់ ចំនួន៦៩នាក់ ស្រ្តីនៅមូលដ្ឋានឃុំទន្លេបិទចំនួន៦៥នាក់ និងឃុំជីរោទ៍ទី១ចំនួន៦៥នាក់ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ដើម្បីរួមគ្នាលុបបំបាត់ភាពរងហានិភ័យលើបញ្ហាសុខភាពចំពោះស្រ្តីនៅក្នុងសហគមន៍ដោយចាប់ផ្តើមពីខ្លួនឯង។

លោកជំទាវ ម៉ែន នារីសោភ័គ បានសម្តែងក្តីសោមនស្សរីករាយ និងនាំយកប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្កការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ដែលតែងតែបានគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាមិនដែលប្រកាន់ជាតិសាសន៍ យសសក្ដិ ឬពណ៌សម្បុរអ្វីឡើយ។ ជាក់ស្ដែងក្នុងឱកាសនោះគឺសម្ដេចបានចាត់ឱ្យក្រុមការងារជំនាញ ស្វែងរកដៃគូសហការចុះមកជួបសម្ដែងពីក្ដីនឹករលឹកហើយបានបណ្ដុះបណ្ដាលនូវការថែទាំសុខភាពរបស់បងប្អូនក្នុងគោលបំណងកុំឱ្យរងហានិភ័យលើផ្នែកសេវាសុខភាពឱ្យបានគ្រប់ៗគ្នាទោះបីជាស្ថិតនៅក្នុងកាលៈទេសៈ ឬស្ថានភាពបែបណាក៏ដោយ។

លោកជំទាវក៏បានអំពាវនាវដល់បងប្អូនដែលជាមាតាទាំងអស់សូមអញ្ជើញទៅពិនិត្យសុខភាព និងទទួលការព្យាបាលជាមួយលោកគ្រូពេទ្យជំនាញនៅឯមន្ទីរពេទ្យ ឬនៅមណ្ឌលសុខភាពដែលនៅក្បែរលំនៅឋាន ចៀសវាងការព្យាបាលតគ្នា ឬបែបហូបថ្នាំបុរាណ ព្រោះថាអាចបង្កផលលំបាកសម្រាប់សុខភាព ពិបាកក្នុងការព្យាបាលនៅពេលបន្ទាប់ ឬអាចបង្កគ្រោះថ្នាក់ដល់ជីវិតទៀតផង។

លោកស្រី សានដ្រា ប៊ីនក្លាវ ដែលជាតំណាងរបស់អង្គការយូអិនអេហ្វភីអេក៏ បានសម្ដែងក្ដីរីករាយជាពន់ពេកចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល និងជាពិសេសមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជាមាតាមនុស្សធម៌ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាជនគ្រប់រូបនិង គ្រប់ទីកន្លែងមិនទុកនរណាម្នាក់ចោល។

សូមជម្រាបជូនថា អំណោយមនុស្សធម៌ដែលបានផ្តល់ជូនដល់ស្រ្តីម្នាក់ៗរួមមាន៖ អង្ករសុខភាព៤កញ្ចប់ (សម្រាប់ស្ដ្រី១៣០នាក់មកពីឃុំទន្លេបិទ និងឃុំជីរោទ៍ទី១) ឃីតសម្រាប់ស្រ្តី១ឈុត (សារុង២ ក្រមា២ សំឡីអនាម័យ៤កញ្ចប់ សាប៊ូដុសខ្លួន២ដុំ សាប៊ូម្សៅ២គីឡូក្រាម បណ្ណផ្សព្វផ្សាយអំពីវិធីអប់រំការពារសុខភាពស្ត្រីសន្លឹកបត់១ច្បាប់) និងថវិកាចំនួន២០០០០រៀលផងដែរ៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)





