អាជ្ញាធរជាតិអប្សរាដាក់តាំងបង្ហាញ ព្រះបដិមា ក្នុងសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ រយះពេល៦ខែ ឱ្យទេសចរបានស្គាល់និងស្វែងយល់
AKPសៀមរាបថ្ងៃទី ៤កក្កដា ឆ្នាំ២០២៦ – ព្រះបដិមាលោកេសូរ (ព្រះអវលោកិតេស្វរ) ជាព្រះពោធិសត្វក្នុងព្រះពុទ្ធសាសនាមហាយាន ត្រូវបានអាជ្ញាធរជាតិអប្សរាដាក់តាំងបង្ហាញក្នុងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដើម្បីឱ្យអ្នកសិក្សានិងភ្ញៀវទេសចរជាតិនិងអន្តរជាតិបានស្គាល់និងសិក្សាស្វែងយល់ ដែលការដាក់ តាំងបង្ហាញនេះនឹងប្រព្រឹទ្ធទៅរយះពេល៦ខែ ដោយចាប់ផ្តើមពីថ្ងៃទី១ខែកក្កដាឆ្នាំ២០២៦ រហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៦។

លោក ភួយ សាវឿត នាយកស្តីទីសារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ បានឱ្យដឹងនៅ រសៀលថ្ងៃ៥រោចខែប.សាឍឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី ៤ខែកក្កដាឆ្នាំ២០២៦នេះថា ជាមួយនឹងការដាក់តាំងព្រះបដិមាលោកេសូរ(ព្រះអវលោកិតេស្វរ)នេះ សារមន្ទីរ ព្រះនរោត្តមសីហនុ-អង្គរ ក៏បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍មួយ ស្តីពី«ការរកឃើញវត្ថុបុរាណថ្មីៗនៅប្រាសាទតាព្រហ្ម» ដោយបានជ្រើសរើសយកសមុច្ច័យចំនួន២១ មានគ្រឿងសម្គាល់ និងកេតនភណ្ឌរបស់ព្រះលោកេសូរ ដែលជាព្រះពោធិសត្វដ៏ពេញនិយម ក្នុងព្រះពុទ្ធសាសនាមហាយាន ដែលជាការរកឃើញថ្មីៗពីកំណាយនៅប្រាសាទតាព្រហ្ម។

លោក ភួយ សាវឿត បានឱ្យដឹងទៀតថា រូបបដិមាព្រះលោកេសូរ និងបំណែក ជារូបព្រះបាទ មានរូបចម្លាក់ព្រះពុទ្ធអមិតាភ: នៅលើម្រាមជើង និងកជើង និងព្រះហស្ត ដែលមានកាន់កេតនភណ្ឌផ្សេងៗ ត្រូវបានអ្នកជំនាញធ្វើការជួសជុល និងសម្អាតកំណកដីឬស្លែចេញ បន្ទាប់មកបានរៀបចំជាពិព័រណ៍នេះឡើង ដោយលោកបានបញ្ជាក់ថា គោលបំណងសំខាន់នៃការតាំងបង្ហាញនេះ ដើម្បីចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីរបកគំហើញថ្មីៗ នៃការងារស្រាវជ្រាវក្នុងតំបន់អង្គរ ដែលជាកិច្ចសហប្រតិបត្តិការអន្តរជាតិ រវាងអាជ្ញាធរជាតិអប្សរា ជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) និងជាការផ្សព្វផ្សាយទៅកាន់សាធារណជន ភ្ញៀវទេសចរ សិស្ស និស្សិតឱ្យបានទៅទស្សនា សិក្សាស្វែងយល់ពីការងារអភិរក្ស ប្រវត្តិសាស្ត្រ ជំនឿសាសនា សិល្បៈនៃគ្រឿងលម្អ និងលក្ខណៈសម្គាល់របស់បដិមាក្នុងសង្គមខ្មែរសម័យបុរាណ។

អ្នកជំនាញនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ រូបនេះបានអោយដឹងថា សាធារណជននឹងបានស្វែងយល់បន្ថែម អំពីការគោរពប្រតិបត្តិព្រះពុទ្ធសាសនាមហាយាន ក្នុងសម័យអង្គរ និងការគោរពប្រតិបត្តិព្រះពុទ្ធសាសនាថេរវាទ។ ហើយជាក់ស្តែងព្រះលោកេសូរ ឬព្រះអវលោកិតេស្វរៈ ជាព្រះពោធិសត្វនៃសេចក្តីមេត្តាករុណាគ្មានព្រំដែន និងជាព្រះពោធិសត្វ ដែលគេនិយមគោរពបំផុតនៅក្នុងព្រះពុទ្ធសាសនាមហាយាន ដែលជាសាសនាដ៏ខ្ពង់ខ្ពស់បំផុតរបស់ខ្មែរ ក្នុងរាជព្រះបាទជ័យវម៌្មទី៧ នាសតវត្សរ៍ទី១២ និងទី១៣៕
ដោយ៖ ហង្ស សៀក





