មកដល់ពេលនេះ ការងារសាងសង់អាងទឹកដងកាំបិត សម្រេចបានប្រមាណ ៩៣ភាគរយហើយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ -- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃសៅរ៍ទី៤ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពការងារសាងសង់អាងទឹកដងកាំបិត ស្ថិតក្នុងភូមិស្រែខ្សាច់ ឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។

គម្រោងអភិវឌ្ឍន៍អាងទឹកមួយនេះត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ ហើយគ្រោងបញ្ចប់ការងារក្នុងខែតុលា ឆ្នាំ២០២៧ខាងមុខ។ ការងារសំខាន់ៗរបស់គម្រោងរួមមាន៖
ទី១-សាងសង់ទំនប់សរុបប្រវែង ២ ៦៨០ ម៉ែត្រ ក្នុងនោះទំនប់ដីខាងឆ្វេងប្រវែង ១ ១៣៦ ម៉ែត្រ ទំនប់បង្ហៀរទឹកប្រវែង ៣០៦ម៉ែត្រ ទំនប់បេតុងប្រវែង ៥០ ម៉ែត្រ និងទំនប់ដីខាងស្តាំប្រវែង ១ ១៨៨ ម៉ែត្រ និង
ទី២-សាងសង់ផ្លូវចូលទីតាំងទំនប់សរុបប្រវែង ១៦,៦ គីឡូម៉ែត្រ ទទឹង ៧ ម៉ែត្រ ក្នុងនោះសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងឆ្វេងប្រវែង ៣,១ គីឡូម៉ែត្រ ពង្រីកផ្លូវចូលទំនប់ប្រវែង ១០,៥ គីឡូម៉ែត្រ និងសង់ផ្លូវថ្មីចូលទីតាំងទំនប់ខាងស្តាំប្រវែង ៣ គីឡូម៉ែត្រ។

គិតត្រឹមខែមិថុនា ឆ្នាំ២០២៦នេះ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៩៣ភាគរយហើយ។ក្រោយការសាងសង់រួចគម្រោងនេះមានសក្តានុពលសម្រាប់ប្រើប្រាស់ទូទៅនិងអាចស្រោចស្រពលើផ្ទៃដីបង្កបង្កើនផលស្រូវ និងដំណាំរួមផ្សំ នៅផ្នែកខាងក្រោមបានប្រមាណជា ១៣១ ៣២៣ ហិកតា និងបង្កើនទិន្នផលស្រូវពី ៤ តោន ទៅ ៥,៤ តោន ក្នុងមួយហិកតា ដល់ប្រជាកសិករចំនួន ២៥ ០០០ គ្រួសារ ក្នុងស្រុកបារាយណ៍ ស្រុកសណ្តាន់ ស្រុកសន្ទុក ស្រុកស្ទោង ស្រុកកំពង់ស្វាយ និងស្រុកប្រាសាទសំបូរ នៃខេត្តកំពង់ធំ៕

ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





