សំណង់ស្ទាក់ទឹកបន្ទាយស្ទោង សាងសង់សម្រេចបានប្រមាណ ៦០ភាគរយហើយ
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៦ -- លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីជំនាញបច្ចេកទេស ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់សំណង់ស្ទាក់ទឹកបន្ទាយស្ទោង ស្ថិតក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំនារសៀលថ្ងៃសុក្រទី០៣ ខែកក្កដា ឆ្នាំ២០២៦ ។

លោកប្រធាននាយកដ្ឋានបានឱ្យដឹងថា សំណង់ស្ទាក់ទឹកបន្ទាយស្ទោង មានតួនាទីយ៉ាងសំខាន់ក្នុងការទទួលទឹកពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ និងទឹកដែលហូរធ្លាក់មកពីទំនប់អាងទឹក «៣០កញ្ញា» រួចបន្តហូរតាមបណ្តោយស្ទឹងស្ទោង ឆ្ពោះទៅកាន់បឹងទន្លេសាប។
គិតត្រឹមដើមខែកក្កដានេះ លទ្ធផលការងារសាងសង់សំណង់ស្ទាក់ទឹកនៅលើស្ទឹងស្ទោង សម្រេចលទ្ធផលបានប្រមាណ ៦០ភាគរយ នៃគម្រោងទាំងមូល។ក្រោយពេលការសាងសង់រួច គម្រោងមួយនេះ នឹងក្លាយជាប្រភពទឹកស្រោចស្រពយ៉ាងសំខាន់ ក្នុងការបម្រើឱ្យការងារបង្កបង្កើនផលស្រូវវស្សាចំនួន ២៧៥០ ហិកតា និងស្រូវប្រាំងចំនួន ៨២៥ ហិកតា ព្រមទាំងផ្តល់អត្ថប្រយោជន៍ផ្ទាល់សម្រាប់តម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាកសិករប្រមាណ ២៨៨០ គ្រួសារ គ្របដណ្តប់លើភូមិចំនួន ១៤ ក្នុងឃុំបន្ទាយស្ទោង។

លោក បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបាន និងបានផ្តល់អនុសាសន៍ណែនាំដល់ប្រធានការដ្ឋាន ព្រមទាំងក្រុមការងារបច្ចេកទេស ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងប្រើប្រាស់គ្រឿងចក្រឱ្យមានប្រសិទ្ធភាពខ្ពស់។ ជាមួយគ្នានោះដែរ លោកបានឱ្យក្រុមការងារអនុវត្តតាមបទដ្ឋានបច្ចេកទេសឱ្យបានម៉ឺងម៉ាត់បំផុត ស្របតាមលក្ខខណ្ឌបច្ចេកទេសរបស់គម្រោង ដើម្បីធានាគុណភាពសំណង់ឱ្យមានភាពរឹងមាំ អាចប្រើប្រាស់បានយូរអង្វែង និងជំរុញល្បឿនការងារឱ្យសម្រេចបានតាមផែនការដែលបានគ្រោងទុក៕

ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងធនធានទឹក និងឧតុនិយម)





