សម្ដេចធិបតី៖ កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាល ដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦--«កិច្ចការចរចាព្រំដែនរវាងប្រទេសនិងប្រទេស គឺជាការទទួលខុសត្រូវធំរបស់រាជរដ្ឋាភិបាលចំពោះជាតិនិងប្រជាជន ដែលទាមទារឱ្យមានមូលដ្ឋានច្បាស់លាស់ទាំងផ្នែកឯកសារ ផ្លូវច្បាប់ និងបច្ចេកទេស ព្រមទាំងធ្វើធ្វើកិច្ចការដោយភាពម៉ត់ចត់ និងការអត់ធ្មត់ខ្ពស់ ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង»។ នេះជាការលើកឡើងរបស់សម្ដេចធិបតី។

តាមរយៈសំណេរបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី១៦ តុលានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តថា «មិនអាចធ្វើការដោយគ្មានមូលដ្ឋានច្បាស់លាស់ ឬតាមប្រភពយកជាការមិនបាន ដូចជាតាមទូរទស្សន៍ឬបណ្តាញសង្គម, តាមឮគេថា, ឬតាមញាណពិសេស ។ល។ នោះទេ»។
បើតាមសម្ដេចធិបតី ការជ្រើសរើសវិធីសាស្ត្រដើម្បីដោះស្រាយ គឺត្រូវជ្រើសរើសវិធីសាស្ត្រណាមួយដែលស្របទៅតាមកាលៈទេសៈ និងស្ថានភាពជាក់ស្តែង មិនថាជាយន្តការទ្វេភាគី (ដែលយើងកំពុងព្យាយាមជំរុញ ដើម្បីដោះស្រាយព្រំដែនគោកតាម JBC) ឬជាយន្តការអន្តរជាតិ (ដែលយើងកំពុងប្រើប្រាស់ ក្នុងការដោះស្រាយព្រំដែនទឹក តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ ក្រោម UNCLOS)។

ជាមួយគ្នានេះ សម្ដេចធិបតី បានជូនពរចំពោះគណៈប្រតិភូ និងក្រុមអ្នកច្បាប់កម្ពុជា ដែលដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក្នុងនាមជាភ្នាក់ងារតំណាងកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយកម្ពុជា និងថៃ នៅវិមានសន្តិភាព ទីស្នាក់ការកណ្ដាលតុលាការមជ្ឈត្តការអចិន្រ្តៃយ៍ (PCA) និងតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤-១៨ ខែតុលា ឆ្នាំ២០២៦៕
ដោយ៖ គង់ សិរីរ័ត្ន





