កម្មវិធីអប់រំបង្កើតហ្គេមសម្រាប់សិស្សានុសិស្ស
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ -- នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការយូនីសេហ្វ (UNICEF) បានរៀបចំដាក់ឱ្យមានកម្មវិធីអប់រំបង្កើតហ្គេមសម្រាប់សិស្សានុសិស្ស ក្នុងគោលបំណងលើកទឹកចិត្តដល់សាលារៀនក្នុងការអនុវត្តកម្មវិធីបច្ចេកវិទ្យានេះជាក្លឹបសិក្សាក្រៅម៉ោង។

បើយោងតាមនាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា កម្មវិធីនេះបានផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សលើការអភិវឌ្ឍជំនាញបច្ចេកវិទ្យាព័ត៌មាន រួមមាន ការសរសេរកូដ ការរចនា ការដោះស្រាយបញ្ហា ការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ និងការចេះសហការធ្វើការជាក្រុម រួមទាំងជំនាញជាច្រើនទៀតក្នុងវិស័យបច្ចេកវិទ្យានាពេលអនាគត។

ក្រសួងបានគូសបញ្ជាក់ថា ការជំរុញឱ្យមានការអនុវត្តកម្មវិធីនេះ គឺស្របតាមចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះបំណិនសតវត្សទី២១ ជាពិសេសជំនាញឌីជីថល ដើម្បីកសាងពលរដ្ឋឌីជីថលដែលត្រៀមខ្លួនរួចជាស្រេចក្នុងការឆ្លើយតបទៅនឹងការវិវត្តនៃសេដ្ឋកិច្ច និងសង្គមឌីជីថល៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ យុវជន និងកីឡា)





