នគរបាលក្រុងតាខ្មៅចុះធ្វើអត្តសញ្ញាណប័ណ្ណដល់លំនៅឋានក្នុងករណីសាមីខ្លួនមានបញ្ហាសុខភាព
AKP កណ្ដាល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦--នគរបាលផ្នែកអត្តសញ្ញាណកម្ម សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឫស្សី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ បានចុះទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់គេហដ្ឋាន លោកតា ប៊ុន ឆាយ និងលោកយាយ អ៊ុង ចាន់ស៊ន រស់នៅភូមិក្រពើហាកើត សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលលោកមានបញ្ហាសុខភាពជំងឺប្រចាំកាយមិនអាចធ្វើដំណើរចេញពីលំនៅឋានទៅថតដោយផ្ទាល់បាន។

លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា ប្រសិនបើពុកម៉ែ បងប្អូន មានបញ្ហាសុខភាព ពិបាកក្នុងការធ្វើដំណើរមកធ្វើសៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណ សូមទំនាក់ទំនងមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ដែលបងប្អូនរស់នៅ ក្រុមការងារជំនាញនឹងចុះរៀបចំឯកសារធ្វើជូនដល់លំនៅឋាន។

លោកវរសេនីយ៍ឯកបានបន្តថា ការចុះធ្វើអត្តសញ្ញាណប័ណ្ណ សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ ដល់លំនៅឋាន ក្នុងករណីសាមីខ្លួនមានបញ្ហាសុខភាព ឬជំងឺផ្ទាល់ខ្លួនមិនអាចអញ្ជើញទៅដោយផ្ទាល់បាន នេះជាការអនុវត្តតាមប្រសាសន៍ណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ បើបងប្អូនជួបបញ្ហាសុខភាព មិនអាចមកធ្វើបាន សូមទាក់ទងផ្នែកអត្តសញ្ញាណកម្ម៖ 010 511 886 /066 644 966៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





