ស្ត្រីកម្ពុជាមួយរូបទទួលពានរង្វាន់ពីលោក ឃ្យូ ដុងយូ នាយកអង្គការ FAO ក្នុងព្រឹត្តិការណ៍វេទិកាស្បៀងអាហារពិភពលោកឆ្នាំ២០២៦ នៅទីក្រុងរ៉ូម
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ -- នេះជាស្ត្រីកម្ពុជាម្នាក់ដែលទទួលបានរង្វាន់ស្ត្រីឆ្នើម ១០០រូបរបស់អង្គការ FAO នៅកម្រិតសកលលោក។ វាជាមោទកភាពជាតិមួយសម្រាប់កម្ពុជា ដែលលោកស្រី សែត ហាច ជាអ្នកដឹកនាំសហគមន៍កសិកម្មនៅតំបន់ជនបទក្នុងខេត្តសៀមរាប បានទទួលពានរង្វាន់ពីលោក ឃ្យូ ដុងយូ អគ្គនាយកនៃអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ក្នុងព្រឹត្តិការណ៍វេទិកាស្បៀងអាហារពិភពលោកឆ្នាំ២០២៦ ដែលបានប្រារព្ធឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការ FAO ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី កាលពីម្សិលមិញ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

ក្នុងនាមជាជ័យលាភីម្នាក់ក្នុងចំណោមជ័យលាភី «ស្ត្រីឆ្នើម ១០០រូប» ជំនាន់ដំបូងរបស់អង្គការ FAO ក្នុងវិស័យប្រព័ន្ធកសិស្បៀងអាហារសម្រាប់ការអភិវឌ្ឍជនបទ លោកស្រី សែត ហាច ត្រូវបានទទួលស្គាល់ចំពោះភាពជាអ្នកដឹកនាំ ភាពអត់ធ្មត់ និងការលះបង់របស់លោកស្រីក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារកសិកររាប់រយគ្រួសារ ជាពិសេសស្ត្រីនៅក្នុងសហគមន៍ជនបទ។ ក្នុងតួនាទីជាប្រធានសហករណ៍កសិកម្ម «ស្ត្រីភោគផលមានជ័យ» លោកស្រីបានពង្រឹងការចូលរួមរបស់ស្ត្រីក្នុងវិស័យកសិកម្ម ពង្រីកឱកាសសេដ្ឋកិច្ច និងជួយគាំទ្រដល់សហគមន៍កសិកម្មឱ្យកាន់តែមានភាពធន់ តាមរយៈគម្រោងគជ់ ដែលទទួលបានការគាំទ្រហិរញ្ញប្បទានពីមូលនិធិអាកាសធាតុបៃតង។

ការទទួលស្គាល់នេះ មិនត្រឹមជាការអបអរសាទរចំពោះសមិទ្ធផលផ្ទាល់ខ្លួនរបស់លោកស្រីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការទទួលស្គាល់នូវការចូលរួមចំណែកដ៏សំខាន់របស់ស្ត្រីជនបទកម្ពុជាក្នុងការចូលរួមអភិវឌ្ឍន៍ប្រព័ន្ធកសិស្បៀងអាហាររបស់ប្រទេសទាំងមូលផងដែរ៕
ដោយ៖ ណយ នឿន (ប្រភព៖ គម្រោងគជ់)





