ស្ថាបនិកពានរង្វាន់បាល់ទាត់សប្បុរសធម៌ដើម្បីកុមារកម្ពុជា បង្ហើបពីបេក្ខភាពក្រុមចូលរួម សម្រាប់រដូវកាលទី៥
AKP ភ្នំពេញ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦--លោក ហួត គីមងួន ដែលគេស្គាល់ច្បាស់ក្នុងវិស័យកីឡាបាល់ទាត់សប្បុរធម៌ គឺលោក DoRi Cambodia ស្ថាបនិក និងជាគណ:កម្មការរៀបចំការប្រកួតកីឡាបាល់ទាត់សប្បុរសធម៌ពានរង្វាន់ដើម្បីកុមារកម្ពុជាបានបង្ហើបការត្រៀមរៀបចំការប្រកួត រដូវកាលទី៥ ដែលគ្រោងនឹងចាប់ផ្តើមនៅដើមឆ្នាំ២០២៧ ខាងមុខនេះ។

លោកបានបង្ហាញពីសមាសភាព៦ក្រុមនេះ មានដូចជា ក្រុមបាល់ទាត់ Vlogger all stars, ក្រុមផ្ការីកគ្រប់រដូវ, ក្រុម HY9999, ក្រុម Knea Yerng , ក្រុម Lucaci និងក្រុម E1 Football team។ លោក Dori ក៏បានអំពាវនាវឱ្យសប្បុរសជនទាំងអស់ចូលរួមបរិច្ចាកតាមរយៈព្រឹត្តិការណ៍នេះដោយចូលរួមឧបត្ថម្ភ ហើយថវិកាឧបត្ថម្ភ១០០%នឹងត្រូវបរិច្ចាកទៅមន្ទីរពេទ្យដោយសប្បុរសជន ដែលត្រូវបាញ់ផ្ទាល់ទៅគណនីមន្ទីរពេទ្យ ហើយនឹងត្រូវអញ្ជើញមកយកលិខិតថ្លែងអំណរគុណពីមន្ទីរពេទ្យនៅថ្ងៃប្រកួតផងដែរ។ សម្រាប់សប្បុរសជនដែលចង់ចូលរួមឧបត្ថម្ភ សូមទាក់ទងទៅគណនី Facebook DoRi Cambodia ឬ scan QR code ដើម្បីទាក់ទងតាម Telegram។

លោក ហួត គីមងួន បន្ថែមថា នេះគឺជារដូវកាលទី៥ហើយដែលលោកបានរៀបចំឱ្យមានការប្រកួតពានរង្វាន់បាល់ទាត់សប្បុរសធម៌ ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរ ហើយក្រៅពីការប្រមូលថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីពេទ្យគន្ធបុប្ផា ពានរង្វាន់បាល់ទាត់នេះក៏ធ្វើឡើងដើម្បីជាការរម្លឹកដល់គុណលោក Beat Richner ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា ដែលបានលះបង់ពេលវេលាផ្ទាល់ខ្លួនបង្កើតជាមន្ទីរពេទ្យគន្ធបុប្ផា ក្នុងការជួយដល់ការព្យាបាលដល់កុមារកម្ពុជា អស់រយៈជាច្រើនឆ្នាំរហូតដល់ជីវិតចុងក្រោយរបស់លោក។ នេះក៏ជាការចងចាំ និងរម្លឹកគុណដែលលោកបានលះបង់សម្រាប់កុមារកម្ពុជា និងប្រជាជនខ្មែរផងដែរ។

ស្ថាបនិករូបនេះបានគូសបញ្ជាក់ថា ដោយសារតែគោលបំណងចម្បងនៃព្រឹត្តិការណ៍បាល់ទាត់នេះគឺដើម្បីសប្បុរធម៌ ទើបការរៀបចំនេះទទួលបានការគាំទ្រពីបណ្តាក្លឹប មហាជន សប្បុរជននានាយ៉ាងច្រើនកុះករ ដែលជំរុញឱ្យលោកមានកម្លាំងចិត្តខ្លាំងក្លា ក្នុងការបន្តរួមឆន្ទៈគ្នាបំពេញបេសកកម្មសប្បុរសធម៌បន្ថែមទៀតផងដែរ៕

ដោយ ហេង ណាលីន





