អាជ្ញាធរខេត្តកំពង់ឆ្នាំង សម្រួលការធ្វើដំណើរដល់ប្រជាពលរដ្ឋ កម្មករ កម្មការិនី វិលត្រឡប់ទៅធ្វើការវិញ
AKP កំពង់ឆ្នាំង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦--លោក យិន បូរិន អនុប្រធានមន្ទីរសាធារណការណ៍និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង អញ្ជើញ ជួបសំណេះសំណាលប្រជាពលរដ្ឋ កម្មករ កម្មការិនី វិលត្រឡប់ទៅកន្លែងធ្វើការវិញ តាមរថន្តក្រុងរបស់រដ្ឋដោយឥតគិតថ្លៃ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ នៅទីតាំងចំណតរថយន្តផ្សារលើ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី អាជ្ញាធរខេត្ត ប្រធានក្រុមប្រឹកក្សាខេត្ត លោក លោកស្រី និងថ្នាក់ដឹកនាំមូលដ្ឋានជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះលោក យិន បូរិន បានមានប្រសាសន៍ថា ប្រជាពលរដ្ឋនិងកម្មករ កម្មការិនី ដែលបានធ្វើដំណើរទៅមកពីភ្នំពេញ-ទៅតាមបណ្ដាខេត្ត្នានានាបានបង្ហាញអារម្មណ៍សប្បាយរីករាយក្រៃលែង និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់រថយន្តក្រុងឱ្យពួកគាត់ជិះទៅមកដោយមិនបង់ប្រាក់ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

រថយន្តក្រុងសាធារណៈដែលរៀបចំដោយរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ទាំងរថយន្ត អ្នកបើកបរ និងមានទឹកពិសាបរិសុទ្ធ តាមគោលដៅចេញដំណើរខេត្តនីមួយៗ សម្រាប់ដឹកជញ្ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋតាមរយៈរថយន្ដក្រុងសាធារណ:រាជធានីភ្នំពេញ ជិះដោយមិនបង់ប្រាក់ ត្រឡប់ពីបណ្តាខេត្ត មកដល់រាជធានីភ្នំពេញវិញក្រោយពីជួបជុំបងប្អូនគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែររួច។ ក្នុងការជ្រើសរើសអ្នក ដឹកនាំប្រទេសជាតិ ប្រកបដោយគុណធម៌ និងសមត្ថភាព ដើម្បីដឹកនាំប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជានាចក្រកម្ពុជា បានរៀបចំរថយន្តក្រុងសម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យភ្ជុំបិណ្ឌដោយឥតគិតថ្លៃ ហើយក៏ជាការរួមចំណែកក្នុងការកាត់បន្ថយការដំឡើងថ្លៃរថយន្តឈ្នួល និងបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសផងដែរ៕

ដោយ៖ បៃ ស៊ីថុន





